នៅសិង្ហបុរីមានបើកហាងប៊ូហ្វេទុរេន ម្នាក់គិត២៧ដុល្លារអាមេរិក ប៉ុណ្ណោះ!!
យោងការបង្ហោះនៅលើបណ្តាញហ្វេសប៊ុកកាលពីថ្ងៃ ទី២៩ ខែឧសភា ហាងលក់ទុរេនមួយឈ្មោះថា Majestic Durian បានផ្តល់ជូននូវប៊ូហ្វេទុរេននៅឯប្លុក Block 84 HDB Bedok North Street 4 ដោយចំណាយក្នុងម្នាក់ត្រឹមតែ ៣៨ដុល្លារសិង្ហបុរី (ប្រហែល ២៧.៥ដុល្លារអាមេរិក) ។ ទុរេនសម្រាប់ប៊ូហ្វេរួមមានពូជ៖ Mao Shan Wang, D13 និង D101។ ក្នុងនោះពូជ Mao Shan Wang ត្រូវបានគេឱ្យដឹងថា មានរសជាតិជូរ ខណៈដែលពូជ D13 និង D101 មានរសជាតិផ្អែមឆ្ងាញ់។ ការផ្តល់ជូនទុរេនប៊ូហ្វេនេះ ជាឱកាសដ៏ល្អសម្រាប់អ្នកដែលទើបតែមកលេងក្នុងប្រទេសសិង្ហបុរីជាលើកដំបូង និងពិសេសសម្រាប់អ្នកដែលចូលចិត្តញ៉ាំផ្អែម។
ក្នុងការញ៉ាំប៊ូហ្វេនីមួយៗមានរយៈពេល ៩០នាទី ហើយការផ្តល់ជូនគឺមានសម្រាប់តែអ្នកនៅអង្គុយញ៉ាំផ្ទាល់ប៉ុណ្ណោះ។ ម៉្យាងទៀតអតិថិជននឹងត្រូវធ្វើការកក់មុន ២ថ្ងៃ តាមរយៈការហៅតាមទូរស័ព្ទ ឬ WhatsApp ។ កាន់តែពិសេសទៅទៀតពួកគេមានការផ្តល់ជូនដោយឥតគិតថ្លៃដល់កុមារតូចៗ និងមនុស្សវ័យចំណាស់ ដោយអ្នកដែលមានអាយុក្រោម ១២ឆ្នាំ ឬអាយុលើសពី ៥៥ឆ្នាំ នឹងអាចចូលរួមទទួលបានភាពរីករាយជាមួយមនុស្សពេញវ័យម្នាក់ៗ ដែលបានបង់លុយពេញថ្លៃរួច។ ទោះយ៉ាងណាអ្នកនឹងត្រូវគេផ្ទៀងផ្ទាត់អាយុនៅហាងប៊ូហ្វេផ្ទាល់ ហើយត្រូវប្រាកដថាអ្នកញ៉ាំទុរេនដែលអ្នកបញ្ជាទិញឱ្យអស់ ព្រោះបើអ្នកញ៉ាំសល់គេនឹងគិតប្រាក់ពិន័យ៕