សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យចាត់ទុកអ្នកស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញជាទំនិញ

(ពោធិ៍សាត់) ៖ សម្តេចតេជោ  ហ៊ុន សែន បានថ្លែងថា មានបុគ្គលខ្លះបានបង្ហោះសារបែបរិះគន់ថា អ្នកដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញត្រូវបានលោកទិញក្នុងតម្លៃប្រហែល១០ម៉ឺនដុល្លារ ដែលប្រការនេះត្រូវបានលោកនាយករដ្ឋមន្រ្តី ច្រានចោលនិងអំពាវនាវកុំឱ្យចាត់ទុកអ្នកទាំងនោះគឺជាទំនិញលក់ដូរ។

សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍ សាត់ ដែលពិធីជួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចពុំមានការចាំបាច់ក្នុងការទិញអ្នកណានោះឡើយ។ ទន្ទឹមនឹងនេះ គណបក្សប្រជាជនកម្ពុជាតែងគោរពសិទ្ធិសេរីភាពរបស់គ្រប់គណបក្សនយោបាយទាំងអស់។ សម្តេចបានបន្តថា សម្តេចផ្តល់តម្លៃដល់ការស្នើសុំទាំងអស់ដើម្បីមានសិទ្ធិធ្វើនយោបាយឡើងវិញ និងទូលថ្វាយព្រះមហាក្សត្រលើកលែងទោស និងផ្តល់និតិសម្បទានយោបាយឡើងវិញ ចំណែកអ្នកដែលមិនចង់ស្នើសុំគឺជាសិទ្ធិរបស់អ្នកទាំងអស់នោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds