ការពន្យារពេល៩០ថ្ងៃរបស់អាមេរិកគឺគ្មានន័យអ្វីឡើយ ក្រុមហ៊ុន Huawei បានត្រៀមខ្លួនពេញលក្ខណះ

(ប៉េកាំង)៖ ថ្លែងក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារសប្តាហ៍នេះ ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei លោក រិន ចេងហ្វ៊ៃ (Ren Zhengfei) បាន និយាយថា ការពន្យារពេល៩០ថ្ងៃក្នុងការអនុវត្តន៍បម្រាមលើក្រុមហ៊ុន គឺគ្មានន័យអ្វីឡើយ ហើយ Huawei ក៏បានត្រៀមខ្លួនពេញលក្ខណៈផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។

លោក Ren ក៏បានសម្តែងការអរគុណជំនួសឲ្យក្រុមហ៊ុន Huawei ចំពោះការចូលរួមចំណែករបស់បណ្តាសហគ្រាសអាមេរិក ខណៈ អ្នកប្រឹក្សាយោបល់របស់លោក ភាគច្រើនមកសុទ្ធតែចេញមកពីក្រុមហ៊ុនអាមេរិកដូចជា IBM ជាដើម។ លោក Ren បានបន្តថា អ្វីដែលរដ្ឋាភិបាលអាមេរិកចង់ធ្វើ គឺហួសពីសមត្ថភាពគ្រប់គ្រងរបស់ក្រុមហ៊ុនលោក ដូច្នេះហើយសម្រាប់ Huawei អ្វីដែលល្អបំផុតគឺអភិវឌ្ឍន៍ខ្លួនឯងឲ្យកាន់តែប្រសើរ។

ជាមួយគ្នានេះ លោក Ren Zhengfei បានបញ្ជាក់ហើយបញ្ជាក់ទៀតថា Huawei គឺជាក្រុមហ៊ុនឯកជនមួយ ដូច្នេះហើយការទិញផលិតផលរបស់ Huawei គឺអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់អតិថិជន ពោលវាមិនត្រឹមត្រូវឡើយ ក្នុងការភ្ជាប់ផលិតផលរបស់ក្រុមហ៊ុន Huawei ជាមួយនយោបាយ។

លោក Ren បានបន្តថា Huawei អាចផលិតបន្ទះឈីបល្អៗបាន មិនចាញ់អាមេរិកឡើយ ប៉ុន្តែវាមិនមែនមានន័យថា ក្រុមហ៊ុនលោក នឹងលែងទិញបន្ទះឈីបពីអាមេរិកឡើយ ព្រោះ Huawei នៅត្រូវរៀនសូត្រជាច្រើនទៀតពីបច្ចេកវិទ្យារបស់អាមេរិក។ ទោះជាបែបនេះក្តី លោក Ren បានគូសបញ្ជាក់ថា នៅក្នុងវិស័យ 5G ក្រុមហ៊ុនកំពុងតែនាំមុខគេ ហើយលោកបានអះអាងថា ពុំមានក្រុមហ៊ុនណាអាចតាមទាន់បច្ចេកវិទ្យា 5G របស់ Huawei ក្នុងរយៈពេល ០២ឆ្នាំ ទៅ ០៣ឆ្នាំខាងមុខឡើយ។

ជាចុងក្រោយបិតាស្ថាបនិករបស់ Huawei បានទទូចប្រឆាំងនិន្នាការជាតិនិយមជ្រុល ពោលគឺលោកមិនចង់ឲ្យការទិញផលិតផលរបស់ក្រុមហ៊ុនលោក គឺត្រូវបានជំរុញដោយសារតែចលនាស្នេហាជាតិមួយមុខប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែការជឿជាក់លើគុណភាពផលិតផលទាំងនោះ។

គួរជម្រាបថា ក្រុមហ៊ុន Huawei បានរងសម្ពាធពីសហរដ្ឋអាមេរិកកាន់តែធ្ងន់ធ្ងរថែមទៀត នៅពេលរដ្ឋាភិបាលអាមេរិកបានកត់ឈ្មោះ Huawei ចូលក្នុងបញ្ជីខ្មៅ ដែលហាមក្រុមហ៊ុនអាមេរិកធ្វើប្រតិបត្តិការអាជីវកម្ម ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ ចិនមួយនេះ ដោយពុំមានការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិក។ យ៉ាងណាមិញ អាមេរិកបានសម្រេចពន្យារពេលអនុវត្តន៍បម្រាមនេះសិនសម្រាប់រយៈពេល ៩០ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds