Namchaបាន ដាច់ចិត្តចេញមុខបកស្រាយ រឿងម្តាយខាងប្រុសមិនពេញចិត្តនិងនាង
ថៃ៖ ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយ កាលពីសប្តាហ៍មុនលេចលឺព័ត៌មានក្តៅគគុកមួយថា តារាសម្តែងស្រីNamcha Cheranut ត្រូវម្តាយខាងប្រុសមិនពេញចិត្ត ក្រោយលោក Dilaka Lathapipat ដែលជាគូស្នេហ៍ទើបតែសុំនាងរៀបការថ្មីថ្មោង។
ចំពោះរឿងនេះទៀតសោត តារាសម្តែងស្រីរូបនេះក៏មិនព្រងើយកន្តើយដែរ ទីបំផុតនាងបានចេញមុខបកស្រាយឲ្យអ្នកគាំទ្រអស់ចម្ងល់យ៉ាងដូច្នោះថា៖
«ដំបូងខ្ញុំសូមទោស ដែរបង Dilaka Lathapipat មិនបានមកចូលរួម ព្រោះគាត់មានការងារបន្ទាន់ត្រូវទៅក្រៅប្រទេស។ សម្រាប់ព័ត៌មាន ដែលចេញមកធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះរឿងរៀបការ ជារឿងដែលសំខាន់ សម្រាប់បេះដូងមនុស្សគ្រប់រូបនៅលើលោកនេះ។
ខ្ញុំហើយនិងម៉ាក់បង Dilaka Lathapipat គឺគាត់មានអាយុច្រើនហើយ ណាមួយគាត់រស់នៅក្រៅប្រទេស ហើយខ្ញុំក៏រវល់ការងារច្រើនទៀត ដូច្នេះទើបមិនទាន់បានជួបគ្នា។ ម្យ៉ាងទៀតគម្រោងរៀបការ របស់ពួកយើងគឺលឿនពេក ធ្វើឲ្យម៉ាក់នឹកស្មានមិនដល់»។
បើទោះបីជាមិនផ្តល់បទសម្ភាសន៍ដោយផ្ទាល់ ប៉ុន្តែលោក Dilaka Lathapipat បានផុសបកស្រាយនៅក្នុងអ៊ីនស្តារក្រាមថា៖
« ចាប់តាំងពីពេលដែលខ្ញុំទាក់ទងជាមួយ Namcha គឺខ្ញុំបានប្រាប់ម៉ាក់ឲ្យដឹងរហូត។ ហើយខ្ញុំតែងតែព្យាយាមរកឱកាសឲ្យ Namcha និងម៉ាក់បានជួបគ្នា ប៉ុន្តែដោយសារតែពេលវេលាមិនអំណោយផល។ ទោះបីជាមិនធ្លាប់ជួបម៉ាក់ក៏ពិតមែន ប៉ុន្តែ Namchaបានជួបសមាជិកផ្សេងទៀត នៅក្នុងគ្រួសារខ្ញុំរួចរាល់ហើយ។
ម្យ៉ាងវិញទៀតមុនពេលដែលខ្ញុំសុំនាងរៀបការ ខ្ញុំបានសុំការអនុញ្ញាតពីចាស់ទុំទាំងសងខាង។ សូម្បីតែចិញ្ចៀនដែលខ្ញុំសុំនាងរៀបការ ក៏ជាកាដូដែលម៉ាក់ខ្ញុំឲ្យដែរ»។
ក្រោយពីបានដឹងពីការបកស្រាយ របស់ពួកគេទាំងពីរ ធ្វើឲ្យអ្នកគាំទ្រទាំងអស់ អស់ចម្ងល់ ព្រោះរឿងតែគ្រប់គ្នាសង្ស័យកន្លងមក មិនមែនជាការពិតនោះទេ៕