ផ្លូវដែលមានការខូចខាត លិចទឹក ជាយូរណាស់មកហើយ! ឥឡូវនេះត្រូវបានអាជ្ញាធរស្រុកចន្ទ្រា ធ្វើការជួសជុលចាក់ថ្មមិច ជូនប្រជាពលរដ្ឋហើយ
(ស្វាយរៀង) ៖ ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋនៅភូមិសំរោង ស្រុកចន្ទ្រា ក្នុងការធ្វើដំណើរផ្លូវប្រវែង150ម៉ែត្រ ចំណុចពីមុខកាស៊ីណូសៀងហៃ ទៅច្រកព្រំដែនសំរោង ដោយឃើញមានសភាពរញ៉េរញ៉ៃ ស្ទះលូលិចទឹក ធ្វើឲ្យខូចផ្លូវពិបាកក្នុងការធ្វើដំណើរ ឥឡូវនេះអាជ្ញាធរស្រុកចន្ទ្រា បានចុះជួសជុលប្រព័ន្ធលូ និងចាក់ថ្មមិច ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឲ្យបានភាពងាយស្រួល ។
ដែលការចុះធ្វើនេះដឹកនាំដោយលោកស្រី សំ ថាវី និងលោក ម៉ក់ សម្បត្តិ ជាអភិបាលរងស្រុកចន្ទ្រា និងមន្រ្តីក្រោមឱវាទដែលពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃទី18 ខែមីនា ឆ្នាំ2019 បានដឹកនាំកម្លាំងចុះដោះស្រាយប្រព័ន្ធលូដែលលិចទឹក និងជួសជុលផ្លូវចាក់ថ្មមិច ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឲ្យបានភាពងាយស្រួល ចាប់ពីមុខកាស៊ីណូសៀងហៃ ទៅច្រកព្រំដែនសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ មានភាពសប្បាយចិត្តជាខ្លាំង ដែរអាជ្ញាធរស្រុកចន្ទ្រា បានមើលឃើញទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋជាយូរណាស់មកហើយ បានចុះជួសជុល នឹងចាក់ថ្មមិច ផ្លូវប្រវែង150ម៉ែត្រនេះ ជូនពួកគាត់ដើម្បីឱ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើរ និងរស់នៅ ដើម្បីប្រកបរបររកស៊ី សម្រាប់ជីវភាពពួកគាត់មានការរីកចម្រើនទៅមុខទៀត ។
ក្នុងនាមអាជ្ញាធរស្រុកចន្ទ្រា ក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់នេះ សូមជួយថែរក្សាផ្លូវមួយកំណាត់នេះផង ដោយយើងមើលឃើញថាមានសភាពរញ៉េរញ៉ៃ សង់ផ្ទះខ្ពស់ជាងផ្លូវ ដាក់សំរាមលើផ្លូវ បណ្ដាលឲ្យស្ទះលូ មិនអាចហូរទឹកចេញបាន បណ្ដាលឲ្យដក់ទឹកលើផ្លូវ បណ្ដាលអោយខូចផ្លូវមិនអាចធ្វើដំណើរបាន ។
ដូចនេះហើយយើងខ្ញុំជាអាជ្ញាធរស្រុកចន្ទ្រា គ្មានអ្វីក្រៅពីសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ សូមជួយថែរក្សាផ្លូវមួយកំណាត់ខាងលើនេះឲ្យបានគង់វង្សយូរអង្វែងផង ៕