Milner ស៊ុត​ប៉េ​ណា​ល់​ទី​ជួយ Liverpool ​ឡើង​ឈរ​លេខ​១ ​ក្រោយ​ឈ្នះ​ Fulham ​ដ៏​តាន​តឹង​យប់​មិញ​នេះ

បាល់ទាត់៖ ​ហង្ស​ក្រហម Liverpool បាន​វិល​ទៅកាន់​កំពូល​តារាង​ជាថ្មី​ម្តង​ទៀត ​បើ​រាប់​ពី​ដើម​ខែ​មីនា​កន្លង​មក ក្រោយ​បាន​យកឈ្នះ​ការប្រកួត​ដ៏​តានតឹង​នៅ​ដី Fulham ​ក្នុង​លទ្ធផល 2-1 ក្រៅ​ដី ​និង​ដើម្បី​រក្សា​កំណត់ត្រា ១០​ប្រកួត​មិន​ចាញ់​ ពោល​គឺ​ឈ្នះ៦ ស្មើ៤ មិនដែល​ចាញ់​។

យប់មិញ​នេះ​ក្រុម​ហង្ស​ក្រហម Liverpool បាន​លើកទ័ព​ទៅ​យក ៣ពិន្ទុ​ដល់​ដី Fulham​ ដោយ​ការ​ប្រកួត​នៅ​ពាក់​កណ្ដាល​ផ្លូវ​នៃ​វគ្គ​ទី​១ ពោល​គឺ​នាទី​ទី២៦ កីឡាករ​ខ្សែប្រយុទ្ធ​សេ​នេ​ហ្គា​ល់ Sadio Mane ជា​អ្នករក​គ្រាប់​ឲ្យ​ក្រុម​បាន​យ៉ាង​ល្អ​ ក្រោយ​លេង​យ៉ាង​ស៊ីចង្វាក់​នឹង Roberto Firmino ​នឹង​ជាគ្រាប់​ទី១៧ នា​រដូវ​កាល​នេះ មុន​ពេល​ឈាន​ចូល​ដល់​វគ្គ​ទី​២ ម្ចាស់ផ្ទះ​មានឱកាស​ច្រើន ​រហូតដល់​គ្រាប់​បាល់​តាម​ស្មើ​វិញ​នាទី៧៤ ដោយ​អតីត​កីឡាករ Liverpool គឺ Ryan Babel ធ្វើ​ឲ្យ​ទស្សនិកជន​នៅ Craven Cottage រីករាយ​ជា​ខ្លាំង ខណៈ​ខ្លួន​កំពុង​ព្យាយាម​រើខ្លួន​ពី​តំបន់​គ្រោះថ្នាក់​។

ប៉ុន្តែ​អ្វីៗ​មិនល្អ​ប្រសើរ​ឡើង​ ដោយ​ក្រុម​ភ្ញៀវ​អា​ចរក​គ្រាប់​ជ័យជំនះ​របស់​ខ្លួន​នៅ​ចុង​វគ្គ​ទី​២ ដោយ​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​នាទី​៨១ ដោយ​ប្រធាន​ក្រុម James Milner បន្ត​ឲ្យ Liverpool ទ​ទូល​ជ័យជំនះ​ទទួល​បាន ៣ពិន្ទុ​ដ៏​មាន​សារៈសំខាន់​។​ ​ដូច្នេះ Liverpool ឡើង​ទៅ​ឈរ​លេខ​១ បណ្ដោះអាសន្ន​ដោយ​មាន ៧៦​ពិន្ទុ នាំមុខ ២​ពិន្ទុ​លើ​ក្រុម Man City ដែល​នៅសល់​ ១​ប្រកួត​ក្នុង​ដៃ​។​ ប្រកួត​បន្ទាប់ Liverpool ជួប Spurs នៅ Anfield​ នៅ​ថ្ងៃ​ទី​៣១ មីនា ខណៈ​ដែល Man City ទៅ​ដី​ Fulham ​ថ្ងៃ​ទី​៣០ ផង​ដែរ​៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds