ពន្ធនាគារ ទាំង១០ ដែលសុវត្តិភាព ជាងគេនៅលើពិភពលោក

យើងដឹងរួចមកហើយថា ពន្ធនាគារ ឬគុក គឺជាទីឃុំឃាំងអ្នកទោសដែលមានកំហុស ធ្វើខុសនឹងច្បាប់ប្រទេស ហើយត្រូវបានការពារតឹងតែង និងត្រូវមានសុវត្ថិភាពបំផុតដើម្បីចៀសវាងការរត់គេចខ្លួនពីទោស។  នៅតាមបណ្តាប្រទេសនីមួយៗសុទ្ធតែមានទីឃុំឃាំងដូចៗគ្នា តែគេរកឃើញថាមានប្រទេសធំៗមួយចំនួន មានពន្ធនាគារដែលមានបច្ចេកវិទ្យាទំនើប និងប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពជាងគេបំផុត រហូតដល់មិនមានអ្នកទោសណាម្នាក់អាចរត់គេចខ្លួនបានឡើយ។

ដូច្នេះមកតាមដានពន្ធនាគារ ដែលជាប់ចំណាត់ថ្នាក់ជាពន្ធនាគារសុវត្ថិភាពបំផុតជាងគេលើលោកទាំង១០នេះ៖

១០.ពន្ធនាគារ HM Prison Belmarsh ចក្រភពអង់គ្លេស

ពន្ធនាគារ HM Prison Belmarsh ត្រូវបានគេស្គាល់ថាជាគុកសម្រាប់ឃុំឃាំងអ្នកទោសដែលមានទោសធ្ងន់ និងជនដែលគ្រោះថ្នាក់បំផុតប្រចាំចក្រភពអង់គ្លេស។ នៅក្នុងគុកមួយនេះ អ្នកទោសត្រូវស្ថិតនៅក្នុងទីងងឹត និងមានសភាពយាមកាមតឹងតែងខ្លាំងណាស់ ដែលជាហេតុធ្វើឱ្យពន្ធនាគារមួយនេះជាប់ឈ្មោះជាពន្ធនាគារដែលសុវត្ថិភាពជាងគេផងដែរ។

៩.ពន្ធនាគារ Tadmor Military ប្រទេសស៊ីរី

Tadmor Military គឺជាជាពន្ធនាគារដែលល្បីល្បាញថាតឹងរ៉ឹងជាងគេបង្អស់នៅក្នុងតំបន់វាលខ្សាច់ភាគខាងកើតប្រទេសស៊ីរី ។ ដើមឡើយវាគ្រាន់តែជាបន្ទាយទាហានរបស់កម្លាំងយោធាបារាំងតែប៉ុណ្ណោះ តែក្រោយមកវាក៏បានប្រែក្លាយទៅជាពន្ធនាគារដែលដាក់អ្នកទោសយ៉ាងតឹងតែងបំផុត ថែមទាំងមានផ្លូវខ្វាត់ខ្វែងពិបាកនឹងរត់រកច្រកចេញមកផងដែរ ដោយសារតែវាជាពន្ធនាគារដែលស្ថិតនៅក្នុងក្រោមដី។ ដូច្នេះកុំគិតថាចង់រត់ចេញពីគុកនេះឱ្យសោះសូម្បីតែស្រមៃក៏ទៅមិនរួចដែរ។

៨.ពន្ធនាគារ United States Penitentiary ក្រុង Terre Haute សហរដ្ឋអាមេរិក

ពន្ធនាគារ United States Penitentiary គឺជាពន្ធនាគារដែលមានសន្តិសុខខ្ពស់ និងត្រូវបានការពារតឹងតែងបំផុត ដើម្បីឃុំឃាំងអ្នកទោសឧក្រិដ្ឋជនដែលមានគ្រោះថ្នាក់ ។ ពន្ធនាគារត្រូវបានការពារ និងត្រួតពិនិត្យដោយបច្ចេកវិទ្យាខ្ពស់បំផុតដើម្បីធានាសុវត្ថិភាព ថាគ្មានអ្នកទោសណាម្នាក់អាចរត់គេចខ្លួនបានឡើយ។

៧. ពន្ធនាគារ Camp Delta ប្រទេសគុយបា

ពន្ធនាគារ Camp Delta ស្ថិតនៅតំបន់ឈូងសមុទ្រ Guantamamo ក្នុងប្រទេសគុយបា គឺជាទីជំរំអចិន្រ្តៃយ៍របស់កងទ័ពអាមេរិក។ ទីជំរំនេះមានតម្លៃប្រមាណជា ១៧,៥ លានដុល្លារដែលបានបើកដំណើរការនៅក្នុងឆ្នាំ ២០០៤ ហើយសាងសង់ឡើងមានលក្ខណៈទំនើប និងស្រដៀងនឹងពន្ធនាគារនៅ Terre Haute សហរដ្ឋអាមេរិកដែរ។ ពន្ធនាគារមួយនេះលំបាកនឹងធ្វើការគេចខ្លួនខ្លាំងណាស់ បើទោះជាអាចគេចផុតពីជញ្ជាំងគុកយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចគេចផុតពីមូលដ្ឋានយោធាអាមេរិកដែលនៅជុំវិញទីនោះដែរ។ ភាគច្រើននៃកងកម្លាំងសន្តិសុខនៅក្នុងពន្ធនាគារនេះ គឺជាប៉ូលិសយោធា និងកងទ័ពជើងទឹកអាមេរិក។

៦.ពន្ធនាគារ Qincheng ប្រទេសចិន

Qincheng គឺជាពន្ធនាគារដ៏តឹងរ៉ឹងបំផុតនៅក្នុងទ្វីបអាស៊ី ស្ថិតនៅក្នុងស្រុក Changping ក្រុងប៉េកាំងដែលត្រូវបានសាងសង់តាំងពីឆ្នាំ ១៩៥៨ ដោយទទួលបានជំនួយឧបត្ថម្ភពីសហភាពសូវៀត។ ពន្ធនាគារនេះព័ទ្ធដោយរបងអេឡិចត្រូនិក (ខ្សែភ្លើង និងឆក់) បន្ថែមជាមួយនឹងជញ្ជាំងដ៏ខ្ពស់មានកម្ពស់ ៥ម៉ែត្រ រួមជាមួយនឹងឆ្មាំគុកការពារដ៏តឹងតែងផងដែរ ។ ក្រៅពីនេះពន្ធនាគារ Qincheng ថែមទាំងស្ថិតនៅទីទួលខ្ពស់ពីនីវ៉ូទឹកសមុទ្រដល់ទៅ ៣ ០០០ម៉ែត្រ  និងព័ទ្ធជុំវិញដោយព្រៃភ្នំ ដើម្បីធានាថាគ្មានអ្នកទោសណាម្នាក់អាចរត់គេចខ្លួនបានឡើយ។

៥. ពន្ធនាគារ Arthur Road Jail ប្រទេសឥណ្ឌា

ពន្ធនាគារ Arthur Road Jail ត្រូវបានគេហៅម្យ៉ាងទៀតថា ជាពន្ធនាគារកណ្តាលក្រុងម៊ុមបៃ ដែលជាគុកដ៏ធំ និងចំណាស់ជាងគេបង្អស់ក្នុងក្រុងម៊ុមបៃ ប្រទេសឥណ្ឌា។ ពន្ធនាគារនេះក៏មានភ្ជាប់ប្រព័ន្ធការពារសុវត្ថិភាពបំផុតមួយនៅលើពិភពលោកផងដែរ ដែលរបាយការណ៍ជាច្រើនបានបញ្ជាក់ថា មិនធ្លាប់មានអ្នកទោសណាម្នាក់ធ្លាប់បានលួចរត់គេច ឬអាចចេញផុតពីការឃុំឃាំងរបស់ពន្ធនាគារមួយនេះឡើយ។ រីឯជញ្ជាំងគុកវិញត្រូវបានគេដឹងថា សូម្បីតែគ្រាប់មីស៊ីលក៏មិនអាចកម្ទេចបានដែរ។

៤.ពន្ធនាគារ Fuchu ប្រទេសជប៉ុន

Fuchu គឺជាពន្ធនាគារធំជាងគេបង្អស់នៅក្នុងប្រទេសជប៉ុន បើគិតមកទល់ឆ្នាំ ២០១៥ បានផ្ទុកអ្នកទោសចំនួន ២០៨៦នាក់រួចមកហើយ។ ពន្ធនាគារនេះបានឃុំឃាំងអ្នកទោសឧក្រិដ្ឋកម្មល្បីៗជាច្រើននាក់នៅក្នុងប្រទេសជប៉ុន និងជនបរទេស ដែលមានភ្ជាប់ទៅដោយបច្ចេកវិទ្យាខ្ពស់ និងទំនើបចុងក្រោយគេបង្អស់ ដើម្បីធានាការពារសុវត្ថិភាពពន្ធនាគារមិនឱ្យអ្នកទោសណាម្នាក់អាចរត់គេចបានឡើយ។ ពន្ធនាគារនេះចាប់បើកដំបូងនៅក្នុងឆ្នាំ ១៩៣៥ ហើយមុននឹងបញ្ចប់សង្គ្រាមលោកលើកទី២ ពន្ធនាគារមួយនេះ ធ្វើឡើងសម្រាប់ឃុំឃាំងមេដឹកនាំកុម្មុយនិស្ត សមាជិកនិកាយសាសនាដែលត្រូវហាមឃាត់ និងមេដឹកនាំឯករាជ្យប្រទេសកូរ៉េផងដែរ។ គ្មាននរណាម្នាក់អាចរត់គេចខ្លួនចេញពីគុកមួយនេះបានឡើយ ដោយគេស្គាល់ថាវាជាពន្ធនាគារសម្ងាត់ និងអាថ៌កំបាំងបំផុតរបស់រដ្ឋាភិបាលជប៉ុន។

៣.ពន្ធនាគារ Alcatraz Island សហរដ្ឋអាមេរិក

ពន្ធនាគារ Alcatraz Island គឺជាពន្ធនាគារលើកោះដែលព័ទ្ធជុំវិញដោយទឹកសមុទ្រ និងស្ថិតនៅក្នុងរយៈចម្ងាយជាង ២គីឡូម៉ែត្រពីឆ្នេរសមុទ្រ San Franciso រដ្ឋកាលីហ្វញ៉ា។ ដោយសារតែវាសុទ្ធតែជាទឹកសមុទ្រជុំវិញ និងស្ថិតនៅលើដីទីទួលខ្ពស់ អ្នកទោសពិបាកនឹងរត់គេចខ្លួនណាស់ ហើយបើទោះជាចង់គេចខ្លួនក៏ត្រូវតែបញ្ចប់ជីវិតខ្លួនឯងដែរ ដោយគេរកឃើញថា កន្លងមកមានអ្នកទោស៥នាក់មកហើយដែលបានព្យាយាមរត់ចេញពីគុកមួយនេះ តែបានសន្មត់ថាស្លាប់បាត់បង់ជីវិតនៅក្នុងទឹកសមុទ្រដ៏សែនជ្រៅមួយនេះ។ ពន្ធនាគារនេះបានបិទទ្វារនៅក្នុងឆ្នាំ ១៩៦៨ តែគេជឿថាវានៅតែជាពន្ធនាគារដែលសុវត្ថិភាព និងតឹងរ៉ឺងជាងគេ។

២.ពន្ធនាគារ La Sante ប្រទេសបារាំង

ពន្ធនាគារ La Sante គឺជាទីឃុំឃាំងដែលតឹងរ៉ឺង និងសុវត្ថិភាពជាងគេលំដាប់លេខ២នៅលើពិភពលោក។ វាជារឿងចម្លែក ដែលប្រព័ន្ធសុវត្ថិភាពនៅក្នុងពន្ធនាគារនេះមានភាពសាមញ្ញាបំផុត តែបែរជាមានប្រសិទ្ធភាពរហូតមិនអាចមាននរណាម្នាក់អាចរត់គេចចេញពីទីឃុំឃាំងបាននោះឡើយ។ មានអ្នកទោសរាប់រយនាក់បានព្យាយាមរត់គេចខ្លួននៅក្នុងបំពង់លូក្រោមដី តែសូម្បីតែជីវិតពួកគេមិនអាចយកត្រលប់មកវិញបានដែរ ដោយសារតែបំពង់លូក៏មានចាក់សោរជាប់ដែរ។ ដូច្នេះកុំស្រមៃថាអាចគេចខ្លួនពីពន្ធនាគារ La Sante នេះឱ្យសោះ ក្រៅពីមិនអាចគេចខ្លួនហើយ ថែមទាំងអាចអស់ជីវិតទៀត។

១. ពន្ធនាគារ ADX Florence សហរដ្ឋអាមេរិក

ADX Florence គឺជាពន្ធនាគារដ៏សុវត្ថិភាពបំផុតជាងគេលើពិភពលោក ដែលគេហៅវាថាជា ពន្ធនាគារឧក្រិដ្ឋកម្មសហរដ្ឋអាមេរិក ADX (Administrative Maximum Facility)។ ពន្ធនាគារនេះបានដាក់ឃុំឃាំងអ្នកទោសឧក្រិដ្ឋកម្ម និងគ្រោះថ្នាក់បំផុតនៅលើពិភពលោក ដោយបានភ្ជាប់ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យថ្មីៗ បច្ចេកវិទ្យាទំនើបៗជាងគេបំផុត ដែលធានាបានថាគ្មានអ្នកណាម្នាក់អាចរត់គេចបានឡើយ ជាពិសេសគឺប្រព័ន្ធ Supermax ដែលអាចរារាំងអ្នកទោសមិនអាចទាក់ទងគ្នាបានដោយប្រើ Morse Code ថែមទាំងបូករួមជាមួយនឹងជញ្ជាំងបង្អួចគុកដ៏ឆ្លាតវៃ ដោយធ្វើការការពារមិនឱ្យអ្នកទោសស្គាល់ពីទីតាំងជាក់ស្តែងបានផងដែរ ដូច្នេះអ្នកទោសអាចមើលឃើញត្រឹមតែដំបូល និងផ្ទៃមេឃនៅខាងលើតែប៉ុណ្ណោះ ។ ប្រព័ន្ធសុវត្ថិភាពទាំងនេះ ធ្វើឱ្យអ្នកទោស រួមទាំងមនុស្សគ្រប់គ្នាទូទាំងប្រទេសមានការភ្ញាក់ផ្អើល និងខ្លាចរអារយ៉ាងខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds