ភ្ញៀវ​ទេសចរណ៍​ស្ទើរ​គ្រប់​ជនជាតិ​ធ្លាក់​ចុះ​នៅ​ខេត្តសៀមរាប ប៉ុន្តែ​គ្មានចម្លើយ​ច្បាស់លាស់​ ពាក់ព័ន្ធ​ការ​ស្រុត​ចុះ​នេះ!

មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​កម្ពុជា​បាន​អះអាង​ថា នៅ​ដើមឆ្នាំ​២០១៩​នេះ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ស្ទើរ​គ្រប់​ជាតិ​សាសន៍​ដែល​បាន​មក​ទស្សនា​ខេត្តសៀមរាប​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ តែ​យ៉ាងណាមិញ​ពាក់ព័ន្ធ​នឹង​ហេតុផល​នាំ​ឲ្យ​មានការ​ធ្លាក់​ចុះ​នេះ មិន​មាន​ប្រភព​ណា​ពន្យល់​ឲ្យ​បាន​ជាក់លាក់​នោះ​ទេ ។

យ៉ាងណាមិញ​អ្នក​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​បាន​លើក​ឡើង​ថា​ដើម្បី​បន្ត​ទាក់ទាញ​ទេសចរ​អន្តរជាតិ​មក​ទស​ន្សា​ខេត្តសៀមរាប​ឲ្យ​បាន​ច្រើន គួរ​ចាប់ផ្តើម​បង្កើត​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​បន្ថែម​ទៀត ក្រៅពី​ប្រាសាទអង្គរវត្ត ។ លោក ពេជ្រ សុ​ប៉ុន​តារា ប្រធាន​ផ្នែក​បង្កើន​ការ​ហោះហើរ នៃ​អាកាសយានដ្ឋាន​ដែល​គ្រប់គ្រង​ព្រ​លាន​យន្តហោះ​ទាំង​បី​នៅ​កម្ពុជា ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​នៃ​ក្រុមហ៊ុន​វិនិយោគ​ព្រ​លាន​យន្តហោះ​កម្ពុជា​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា នៅ​ឆ្នាំ​នេះ​ភ្ញៀវ​ទេសចរណ៍​ស្ទើរ​គ្រប់​ជនជាតិ ទាំង​ជនជាតិ​ថៃ ម៉ា​ឡេ​ស៊ី កូរ៉េ ជប៉ុន​និង​ភ្ញៀវ​ទេសចរណ៍​ចិន​មក​ទស្សនា​ខេត្តសៀមរាប​បាន​ធ្លាក់​ចុះ​។ លោក​បាន​បន្ត​ថា​ភ្ញៀវ​ទេសចរណ៍​ចិន​នៅ​តែ​កើនឡើង ប៉ុន្តែ​ស្ថិត​ក្នុង​កំនើន​ទាប​ធៀប​ជាមួយ​ឆ្នាំ​មុន​។

លោក​បាន​បន្ត​ថា «​យើង​បាន​សួរ​ទៅ​កាន់​ប្រតិបត្តិ​ករ​ទេសចរណ៍​នានា ប៉ុន្តែ​ពួក​គេ​បាន​ផ្តល់​ចម្លើយ​មិន​ច្បាស់លាស់ ហើយ​យើង​បាន​និង​កំពុង​សិក្សា​លើ​បញ្ហា​នេះ​» ។ លោក​បាន​បន្ត​ថា «​ខេត្តសៀមរាប​គួរ​មាន​ផលិតផល​ទេសចរណ៍​ថ្មី​បន្ថែម​ទៀត ក្រៅពី​ប្រាសាទអង្គរវត្ត ព្រោះ​ភ្ញៀវ​ទេសចរណ៍​បន្ទាប់​ពី​ទស្សនា​អង្គរ ពួក​គេ​មិនដឹង​ទៅ​ទីណា​ឡើយ សូ​ម្បី​រមណីយដ្ឋាន​ភ្នំ​គូ​លេ​ន ក៏​យើង​មិន​ទាន់​រៀបចំ​បាន​ល្អ​នៅឡើយ​» ។ លោក​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៣៧ បាន​ប្រតិបត្តិការ​ហោះហើរ​ឡើង​ចុះ​នៅ​ខេត្តសៀមរាប ដែល​កាលពី​ឆ្នាំ​មុន​យើង​ទទួល​បាន​អ្នកដំណើរ​ឆ្លងកាត់ ព្រ​លាន​យន្តហោះ​នេះ​ចំនួន​៤,៥​លាន​នាក់ និង​រំពឹង​ថា​ចំនួន​នេះ​ស្ថិត​ក្នុង​សភាព​ទ្រឹង​នៅឆ្នាំ​នេះ​។

យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​រយៈពេល​៤​ខែ ពោល​គិត​ចាប់ពី​ខែមករា ដល់​ខែមេ​សា ឆ្នាំ​២០១៩ មាន​ទឹកប្រាក់​ចំនួន​ប្រមាណ​៤៤,១៣​លាន​ដុល្លារ​អា​មេ​រិ​ក ថយ​ចុះ​៨,៥៤ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ របាយការណ៍​ខាងលើ​បាន​បង្ហាញ​ផង​ដែរ​ថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ ៩៧៣,៣០៥​ នាក់ ថយ​ចុះ​ ៧,៣៩ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក លោក​ធួន ស៊ី​ណា​ន​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​នូវ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ស្ទើរ​គ្រប់​ជាតិ​សាសន៍ ទៅ​កំសាន្ត​និង​ទស្សនា​នៅ​ខេត្តសៀមរាប ។

សូម​រម្លឹក​ថា​កន្លង​មក​មាន​តំណាង​ក្រុមហ៊ុន​ចិន​ចំនួន​១៥ ដែល​កំពុង​ធ្វើ​វិនិយោគ​និង​ធ្វើ អាជីវកម្ម​នៅ​ខេត្តសៀមរាប ក្នុង​វិស័យ​ទេសចរណ៍ សុខាភិបាល និង ពាណិជ្ជកម្ម ដឹកនាំ​ដោយ​ដឹកនាំ​ដោយ​លោក Lu Yanwen ប្រធាន​ក្រុមហ៊ុន យូ​ណា​ន​គ្រុប​ខូ​អិ​ល​ធី​ឌី ដែល​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចូល​ជួប​ពិភាក្សា​នូវ​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​របស់​ខ្លួន ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប កាលពី​ចុងខែមេ​សា កន្លង​ទៅ​ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ថយ​ចុះ​ភ្ញៀវ​ទេសចរ​នៅ​ខេត្តសៀមរាប​នា​ដើមឆ្នាំ ២០១៩ នេះផង​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds