បញ្ហាស្ត្រេសជាសញ្ញាដែលបញ្ជាក់ថា អ្នកកំពុងស្ថិតនៅដំណាក់កាលធ្ងន់មួយ ដែលប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត
បញ្ហាថប់អារម្មណ៍ស្រ្តេស គឺជាបញ្ហាធម្មជាតិដែលកើតមានឡើងជាធម្មតាក្នុងជីវិតមនុស្ស។ វាមិនមានបញ្ហាធំទេ បើអ្នកកើតមានអារម្មណ៍នោះតិចតួច និងរយៈពេលខ្លី។ ផ្ទុយទៅវិញ វានឹងអាចនឹងបង្កជាបញ្ហាគ្រោះថ្នាក់ធំ បើអ្នកមានបញ្ហាថប់អារម្មណ៍រយៈពេលវែង ពោលគឺចាប់ពី ៧ ម៉ោង ឬរាប់ខែឡើងទៅ។
នោះគឺជាសញ្ញាដែលបញ្ជាក់ថា អ្នកកំពុងស្ថិតនៅដំណាក់កាលធ្ងន់មួយ ដែលប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ កាន់តែអាក្រក់ជាងនេះ វានឹងបណ្ដាលឲ្យអ្នកកើតជំងឺផ្សេងៗដូចជា សម្ពាធឈាមឡើងខ្ពស់ ជំងឺបេះដូង ជំងឺធាត់ ទឹកនោមផ្អែម ឬចង់ធ្វើអត្តឃាតជាដើម។
ពេលអ្នកស្រ្តេសខ្លាំង អ្នកនឹងបញ្ចេញអាកប្បកិរិយាមួយចំនួនដោយមិនដឹងខ្លួន តែអ្នកអាចសង្កេតដោយខ្លួនឯងបានតាមរយៈ សញ្ញាព្រមានសំខាន់ៗដូចជា ឈឺក្បាល ឈឺសាច់ដុំ ចុកខ្នង រោយក បាត់បង់ចំណង់អាហារ ស្ងួតបបូរមាត់ ឈឺក្រពះ ឈឺដើមទ្រូង បេះដូងលោតញាប់ គេងលក់ ឬគេងច្រើនខុសធម្មតា ល្ហិតល្ហៃ ភ្លេចភ្លាំង ឬ ឆាប់ឆេវឆាវ។ ល។
ទោះមានការបកស្រាយយ៉ាងនេះក៏ដោយ តែមិនមែនមនុស្សគ្រប់រូបសុទ្ធតែមានប្រតិកម្មទៅលើបញ្ហាស្ត្រេសក្នុងទម្រង់ចុកចាប់រាងកាយនោះទេ។ អ្នកខ្លះអាចកើតមានសញ្ញាបែបនេះបន្ទាប់ពីច្រើនថ្ងៃក្រោយអាការៈស្ត្រេសកើតឡើង។ ប៉ុន្តែ នៅពេលណាមួយដែលអ្នកចាប់បាន ថាខ្លួនកំពុងស្ថិតនៅដំណាក់កាលណាមួយហើយ សូមកុំប្រហែសឲ្យសោះ ពោលគឺត្រូវរកវិធីគ្រប់គ្រង កាត់បន្ថយ និងកម្ចាត់វា ដើម្បីកុំឲ្យមានបញ្ហាធំ ហើយត្រូវចំណាយធនធានព្យាបាលច្រើននាពេលអនាគត៕