សមាគមស៊ីកាដា ធ្វើយុទ្ធនាការកៀរគរការគាំទ្រដល់សិល្បករ និងប្រតិបត្តិករវប្បធម៌
(ភ្នំពេញ)៖ សមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សហកម្មច្នៃប្រតិដ្ឋនៃកម្ពុជា (សមាគមស៊ីកាដា) បានរៀបចំ «សន្និសីទ សារព័ត៌មាន ស្តីពី យុទ្ធនាការកៀរគរការគាំទ្រ ដល់សិល្បករ និងប្រតិបត្តិករវប្បធម៌» តាមរយៈការណែនាំនូវ សំណៅពិគ្រោះ «នៅពីក្រោយឆាក និងវាំងនន៖ ភាពងាយរងគ្រោះ ការរើសអើង យេនឌ័រ និងការបៀតបៀនក្នុងវិស័យវប្បធម៌និងឧស្សាហកម្ម ច្នៃប្រតិដ្ឋនៅកម្ពុជា»។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបារាំង អ្នកស្រី សូ ភីណា នាយិកា នៃសមាគមស៊ីកាដា បានអោយដឹងថា ជាការចាំបាច់ណាស់ក្នុងការមានការពិគ្រោះ យោបល់នានាជាប្រចាំជាមួយសិល្បករ និងប្រតិបត្តិករវប្បធម៌ ដើម្បីស្ដាប់ ចងក្រង ពិភាក្សា និងកំណត់អនុសាសន៍នានាដើម្បី ឈានទៅរកការគាំទ្រដល់សិល្បករ និងប្រតិបត្តិករវប្បធម៌ ដែលនឹងបន្តជួយឱ្យពួកគាត់កាន់តែចូលរួមអភិវឌ្ឍវិស័យដ៏សំខាន់នេះ និងទាញយកមកនូវអត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់សង្គមជាតិរបស់យើង ។
ដោយឡែកលោកស្រី លឹម សូលីន សមាជិកគណៈកម្មការនាយក សមាគមសីកាដា បានអោយដឹងថា សមាគមស៊ីកាដា បង្កើតឡើងក្នុងឆ្នាំ ២០២២ ដោយមាន គោលបំណងធ្វើជាតំណាង និងស្វែងរក ការគាំទ្រដល់ឧស្សាហកម្មច្នៃប្រតិដ្ឋ និងវប្បធម៌ដើម្បីអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាបន្នមួយដែលធានាថាឧស្សាហកម្មច្នៃ ប្រតិដ្ឋ និងវប្បធម៌គឺជាបេះដូងនៃការសម្រេចចិត្តក្នុងគោលនយោបាយ សេដ្ឋកិច្ច និងសង្គម។ នាពេលបច្ចុប្បន្ននេះ សមាគមមាន សមាជិកចំនួន ១៣៥ នាក់ មកពីវិស័យវប្បធម៌ និងច្នៃប្រតិដ្ឋចម្រុះ ។
សមាគមស៊ីកាដា រំពឹងទុកថា សំណៅពិគ្រោះនឹងបានផ្តល់ជាអនុសាសន៍មួយចំនួនដល់ក្រសួង និង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ សមាគម សហគ្រាស និងក្រុមហ៊ុននានា ក្នុងវិស័យសិល្បៈ និងវប្បធម៌ បានឈ្វេងយល់អំពី ស្ថានភាពសិល្បករ និងអនុសាសន៍របស់ពួកគេ ដើម្បីទទួលបានអត្ថប្រយោជន៍កិច្ចគាំពារសង្គម ដែលផ្តល់ដោយរាជរដ្ឋាភិបាល ក៏ ដូចជាអនុសាសន៍មួយចំនួនទាក់ទងនឹងការអនុវត្តលើការផ្តល់តម្លៃ និងការគោរពដល់សិល្បករ និងប្រតិបត្តិករវប្បធម៌ ដែលជា ពលរដ្ឋសកម្មក្នុងការចូលរួមថែរក្សាប្រពៃណី វប្បធម៌របស់កម្ពុជា និងជាផ្នែកចូលរួមដល់សេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា ក្រោមជំនួយហិរញ្ញវត្ថុពី កម្មវិធីយូណេស្កូ Aschberg សម្រាប់សិល្បករ និងប្រតិបត្តិករវប្បធម៌ សមាគមស៊ីកាដាបាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយសិល្បករ និងប្រតិបត្តិករវប្បធម៌ សិល្បៈចម្រុះចំនួន ៩៥ នាក់ (ស្រី ៥២) នៅខេត្ត បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម កំពត ត្បូងឃ្មុំ និងរាជធានីភ្នំពេញ និងបានចងក្រងសរសេរជាសំណៅពិគ្រោះមួយ (Policy Paper) ស្តីពីស្ថានភាពសិល្បករ និងប្រតិបត្តិករវប្បធម៌ ដោយផ្តោតលើប្រធានបទសំខាន់ពីរគឺ ការទទួលបានកិច្ចគាំពារ សង្គម និងការយល់ឃើញទៅលើការផ្តល់តម្លៃមកលើការងារជាសិល្បករ និងប្រតិបត្តិករវប្បធម៌៕