លោកសំ សឿន៖ រំភើបរីករាយយ៉ាងខ្លាំងចំពោះក្រមាខ្មែរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី
ភ្នំពេញ ៖ ក្រោយពីក្រមាខ្មែរដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានអង្គការយូណេស្កូ(UNESCO) ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទី៧របស់កម្ពុជាសម្រាប់មនុស្សជាតិ ប្រធានសហភាពបលកម្មជាតិកម្ពុជា ចាត់ទុកកាបញ្ជីនេះ ជាការលើកកំពស់វប្បធម៌ខ្មែរ ខណៈលោកអំពាវនាវឱ្យមហាជនជួយគាំទ្រផលិតផលដែលកើតចេញពីស្នាដៃកូនខ្មែរ។
ថ្លែងនៅថ្ងៃទី១១ ខែធ្នូនេះ លោកសំ សឿន ប្រធានសហជីពលកម្មជាតិកម្ពុជា(NLC)បានអោយដឹងថា នេះជាមោទនភាពជាតិមួយទៀត ដែលអង្គការយូណេស្កូ(UNESCO) បានបញ្ជូលក្រមារខ្មែរជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី។ លោកថា « ខ្ញុំសប្បាយរីករាយ ហើយរំភើបគ្មានអ្វីប្រៀប ហើយពិតជាអរគុណខ្លាំងណាស់ចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត រួមទាំងភាគីពាក់ពន្ធ័ដែលបានខ្នាស់ខ្នែងក្នុងការរៀបចំបញ្ជីឈ្មោះក្រមាខ្មែរយើងឱ្យបានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ»។
លោកបន្ថែមថា ក្រមាគឺជាអត្តសញ្ញាណជាតិ និងជាវត្ថុដ៏មានសារៈសំខាន់មិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទប់វណ្ណៈ។ ក្នុងសង្គមខ្មែរ ក្រមាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយគ្រប់លំដាប់ថ្នាក់ ហើយស្ទើរតែគ្រប់ពេល និងនៅគ្រប់ទីកន្លែង។ ក្រៅពីការប្រើប្រាស់ទូទៅ ក្រមា ក៏ត្រូវគេប្រើប្រាស់សម្រាប់ពានា ឬបង់កចូលរួមក្នុងពិធីបុណ្យជាតិ និងសាសនា, ប្រើជាតង្វាយ ឬសំណែនក្នុងកិច្ចពិធី, ប្រើជាជំនូនដល់ចាស់ទុំ ឬញាតិមិត្តប្រើជាចំណងដៃ និងវត្ថុអនុស្សាវរីយ៍ជាដើម។
«ក្រមា» ជាមរតកអរូបីមួយក្នុងចំណោមមរតកអរូបីចំនួន ៦ផ្សេងទៀត ដែលកម្ពុជាបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនាពេលកន្លងមកមានដូចជា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្ដស្វាយអណ្ដែត និងគុនល្បុក្កតោ៕