ប្រធាន NLC ៖ ពលរដ្ឋនៅកូរ៉េ លែងចូលរួមបាតុកម្ម តាមការអូសទាញរបស់ក្រុមទណ្ឌិតក្បត់ជាតិ៣ជំនន់ សម រង្ស៊ី ដោយសារអស់ជំនឿចិត្ត
ភ្នំពេញ៖ ប្រធានសហភាពពលកម្មជាតិកម្ពុជា អះអាងថា ការគៀងគរអោយចូលរួមបាតុកម្មរបស់ពលករនិងប្រជាពលរដ្ឋស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យទទួលបរាជ័យយ៉ាងអាម៉ាស ដោយពុំមានអ្នកចូលរួម ខណៈការឃោសនារបស់ក្រុមមេដឹកនាំបាតុកម្មលែងមានប្រសិទ្ធភាពបន្តទៀតនោះទេ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកឃ្លាំមើលនយោបាយកម្ពុជា បានអោយដឹងថា ការបរាជ័យនេះក្នុងហេតុផងដែលប្រជាពលរដ្ឋស្នាក់នៅ និងធ្វើការនៅទីនោះទៀត យល់កាន់តែច្បាស់របស់របបដឹកនាំរបស់លោកសម រង្ស៊ី ដែលធ្វើអោយប្រជាពលរដ្ឋ អស់ជំនឿចិត្ត។
លោកថា «សកម្មភាពធ្វើបាតុកម្មរបស់ពួកគាត់នេះ លែងមានអ្នកចូលរួមហើយ មានតែបួនដប់នាក់ គ្នីគ្នាគាត់តែប៉ុណ្ណោះ ព្រោះបាតុកម្មនោះធ្វើទៅគ្មានអ្វីចំណេញដល់ប្រទេសជាតិនោះទេ។ ការធ្វើបាតុកម្មដែលដឹកនាំដោយជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី គឺជាការធ្វើធ្វើបដិវត្តន៍ពណ៌មកលើប្រទេសកម្ពុជា ចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍ ស្របពេលប្រជាពលរដ្ឋកំពុងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់ប្រមយុខរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត»។
ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកឃ្លាំមើលនយោបាយកម្ពុជា រូបនេះបន្ថែមថា បាតុកម្មលែងមានអ្នកចូលរួម ក៏ព្រោះតែ ក្រុមនេះតែងកុហកពលរដ្ឋក្រោមលេសផ្សេងៗ ដើម្បីទាញមនុស្សឱ្យចូលរួមធ្វើបាតុកម្ម ប៉ុន្តែពេលពលរដ្ឋចូលរួមជាក់ស្តែង ក្រុមនេះតែងតែរ៉ៃអង្គាសថវិការចូលរួមមូលនិធិ ដើម្បីទ្រទ្រង់សកម្មភាពខុសច្បាប់របស់ក្រុមខ្លួន។ ជាមួយគ្នានេះដែរលោកសម្តែងការសោកស្តាយចំពោះចលនាបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងជ្រុលនិយម ដែលមានចេតនាបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍនៅកម្ពុជា។ ក្រុមទណ្ឌិតសម រង្ស៊ី មានចេតនារុញឱ្យប្រទេសជាតិ ធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ការបង្ហូឈាម និងការបំផ្លាញសេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត។
ជាមួយនឹងការសោកស្តាយ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ឈប់ចូលរួមជាមួយក្រុមក្បត់ជាតិទាំងនោះ ហើយចូលរួមធ្វើសកម្មភាពល្អៗ ដើម្បីប្រទេសជាតិមាតុភូមិវិញ ប្រសើរជាង៕