អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ACCA ចុះMOU លើអនុស្សរណៈនៃការយោគយល់ស្តីពី ការកសាងសមត្ថភាព ការស្រាវជ្រាវ កាផ្លាស់ប្តូរព័ត៌មាន និងការបង្កើតបណ្តាញសហការគ្នាក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងលោកRenjith Varma នាយកACCA ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានអញ្ជើញចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់ស្តីពី ការកសាងសមត្ថភាព ការស្រាវជ្រាវ កាផ្លាស់ប្តូរព័ត៌មាន និងការបង្កើតបណ្តាញសហការគ្នាក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ»។
ថ្លែងក្នុងពិធីនោះ លោក លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. បានអោយដឹងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នៅថ្ងៃនេះ មិនគ្រាន់តែអនុស្សរណៈដើម្បីសហប្រតិបត្តិការទេ គឺជាការចុះអនុស្សរណៈដើម្បីពង្រឹង ពង្រឹកចំនេះដឹងក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីពង្រឹងនូវអភិបាលកិច្ចនៃវិស័យហិរញ្ញវត្ថុ។
លោកថា «ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើករាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ដោយផ្អែកលើគោលការណ៍មូលដ្ឋានចំនួន៣រួមមាន៖ (១)-ការកសាងមូលដ្ឋានគ្រឹះឌីជីថល, (២)-ការចាប់យកឌីជីថល និង(៣)-ការធ្វើបរិវត្តកម្មឌីជីថល។ គោលការណ៍មូលដ្ឋានទាំង៣នេះ មានអានុភាពអនុវត្តក្នុង គ្រប់វិស័យនៃសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដែលក្នុងនោះរួមបញ្ចូលនូវវិស័យហិរញ្ញវត្ថុមិនមែន ធនាគារផងដែរ។
លោកបន្ថែមថា ការអភិវឌ្ឍមូលធនមនុស្ស, ការកសាងបណ្តាញទំនាក់ទំនងដោយធ្វើកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយនឹងគ្រប់តួអង្គពាក់ព័ន្ធ និងការស្រាវជ្រាវដើម្បីការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ គឺជាអាទិភាពនៃរបៀបវារៈ គោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការចាប់យកឌីជីថល សំដៅឆ្ពោះទៅការកសាងមូលដ្ឋានគ្រឹះនៃការធ្វើបរិវត្តកម្មឌីជីថល។
មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គទេសក៍វ័យក្មេងដ៏ឆ្នើម បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះបញ្ចកោណទី៥ផ្ដោតលើ “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល”។ ក្នុងនោះដែរ អាទិភាព ទី៦នៃមុំទី៥ “ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ” ផ្តោតលើ “ការបង្កើនការបណ្តុះបណ្តាលចំណេះដឹង និងជំនាញ, ការធ្វើកិច្ចសហការ និងការពង្រីកការស្រាវជ្រាវ, ការអភិវឌ្ឍ, នវានុវត្តន៍ និងការប្រើប្រាស់ បច្ចេកវិទ្យាចុងក្រោយថ្មីៗ ក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ”។
ដោយឡែកលោកសូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញាវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានអោយដឹងថា ការចុះអនុស្សរណៈនៃការយោគយល់ រវាង អ.ស.ហ.ជាមួយនឹងអេស៊ីស៊ីអេ នាថ្ងៃនេះ គឺមិនត្រឹមតែឆ្លើយតបទៅនឹងគោលបំណងនៃការបង្កើត អ.ស.ហ. ដោយធ្វើសមាហរណកម្ម យន្តការនៃការគ្រប់គ្រង និងការត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមឆត្រ អ.ស.ហ. តែមួយប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវសារៈសំខាន់មិនអាចខ្វះបាន តាមរយៈការ បើកផ្លូវជូនដល់គ្រប់និយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ. ក្នុងការទាញយកអត្ថប្រយោជន៍ ពីកិច្ចសហការនិងកិច្ចសហប្រតិបត្តិការនេះ លើការកសាងសមត្ថភាព ការស្រាវជ្រាវ ការផ្លាស់ប្តូរព័ត៌មាន និងការបង្កើតបណ្តាញសហការ ជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសមត្ថភាព និងសា្ថប័នរបស់ខ្លួន។
លោកបន្ថែមថា បន្ទាប់ពីបានធ្វើការ ទំនាក់ទំនងនិងពិភាក្សាគ្នា អេស៊ីស៊ីអេ ក៏បានបង្ហាញនូវសុឆន្ទៈក្នុងការចូលរួមផ្ដល់ការគាំទ្រ លើការអភិវឌ្ឍសមត្ថភាពនិងស្ថាប័ន ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក៏ដូចជា អ.ស.ហ. រហូតសម្រេចបាននូវសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់នៅថ្ងៃនេះ។