សម្តេច ហ៊ុន ម៉ាណែត ឆ្លៀតចុះពិនិត្យមើលការប្រមូលផលនេសាទ របស់ប្រជានេសាទនៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាល
កណ្តាល៖ ខណៈដែលប្រជាពលរដ្ឋសម្រាកថ្ងៃចុងសប្តាហ៍ ប្រមុខរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានឆ្លៀតចុះជួបសំណេះសំណាល និងពិនិត្យមើលការប្រមូលផលនេសាទ របស់ប្រជានេសាទនៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាល។ នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបវរធិបតី។
សម្តេចធិបតី បានអោយដឹងថា «ថ្ងៃនេះឆ្លៀតចុះជួបសំណេះសំណាល និងមើលការប្រមូលផលនេសាទ របស់ប្រជានេសាទនៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាល។ តាមបងប្អូននៅទីនោះប្រាប់ ឆ្នាំនេះការប្រមូលផលត្រីមានការកើនឡើងច្រើន បើប្រៀបធៀបជាមួយនៃផលនេសាទនៅឆ្នាំកន្លងទៅ»។
សូមជម្រាបថា រដ្ឋបាលជលផលបានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេតត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិង រាជធានីភ្នំពេញ ចាប់ពីថ្ងៃ៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។
រដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។
ទន្ទឹមនេះ រដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ សម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូន តាមការគួរ៕