ការសំអាតបរិស្ថានតាមដងផ្លូវគាំទ្រយុទ្ធនាការស្អាតរបស់ក្រសួងបរិស្ថាន ប្រមូលបានសម្រាមជាង៥៦តោន
ភ្នំពេញ៖ សកម្មភាពឈានឆ្ពោះទៅកម្ពុជាស្អាត តាមរយៈយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានដាក់ចេញកន្លងមក បានទទួលបានការគាំទ្រនិងការចូលរួមធ្វើសកម្មភាពរើសសំរាម និងសំអាតបរិស្ថានតាមផ្លូវជាតិ។ យុទ្ធនាការកន្លងមកនេះ បានប្រមូលសំរាម សំណល់ប្លាស្ទិកសរុប ចំនួន ៥៦ ៥១៣គ.ក្រ និងបានបំបាត់គំនរសំរាមទុកដាក់ពាសវាលពាសកាល បានចំនួន ២៨៩ ទីតាំង។
គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានការសហការពីវិស័យឯកជន យុវជន សមាគម និងអង្គការស្គមស៊ីវិល សរុបចំនួន ១៥ ៥៦២នាក់ បានអនុវត្តសកម្មភាពសម្អាតផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ នៅតាមឃុំ-សង្កាត់ចំនួន ៨៩ឃុំ-សង្កាត់ ស្មើនឹង ៧៤,៩% នៃចំនួន ឃុំ-សង្កាត់ សរុប ១១៩ នៅលើផ្លូវជាតិប្រវែងផ្លូវជាតិ ៣៣៧ គ.ម ស្មើនឹង៥២,៧% នៃប្រវែងផ្លូវសរុប ៦៣៨,៦៥ គ.ម និងប្រមូលសំរាម សំណល់ប្លាស្ទិកសរុប ចំនួន៥៦ ៥១៣ គ.ក្រ និងបានបំបាត់គំនរសំរាមទុកដាក់ពាសវាលពាសកាល បានចំនួន ២៨៩ ទីតាំង។
សូមបញ្ជាក់ថាក្រសួងបរិស្ថាន បាននិងកំពុងធ្វើសកម្មសកម្មភាព «ការសម្អាតដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១» ដើម្បីឱ្យដងផ្លូវជាតិគោលដៅ នៃបណ្តាក្រុង ស្រុក ខណ្ឌ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ ឱ្យមានភាពស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ តាមរយៈការសម្រេចឱ្យបាន នូវគោលដៅក្នុងការប្រែក្លាយសកម្មភាព ឬ យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ទៅជាចលនាថែរក្សាភាពស្អាតនៅកម្ពុជា។
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន រួមមាន យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ត្រូវបានគាំទ្រពីថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និង អង្គការ សមាគមនសង្គមស៊ីវិលនៅទូទាំងប្រទេស ហើយសកម្មភាពបន្តគឺការរួមគ្នា ជំរុញឱ្យ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមដងផ្លូវជាតិ សម្រាប់ ឆ្នាំ២០២៥»៕