រដ្ឋមន្រ្តីឌិត ទីណា ៖ កម្ពុជាមានកសិផលសក្តានុពលដែលត្រូវការការកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា កម្ពុជាមានកសិផលសក្តានុពលជាច្រើនដែលត្រូវការការកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈការប្រកួតប្រជែងនេះគឺផ្តោតសំខាន់ទៅលើគុណភាពល្អប្រណិត រសជាតិឆ្ងាញ់ អនាម័យខ្ពស់ លក់ក្នុងតម្លៃថ្លៃ និងទទួលបានតម្លៃបន្ថែមខ្ពស់ដោយមិនប្រកួតប្រជែងបរិមាណឡើយ។

ការថ្លែងបែបបនេះ នៅក្នុងជំនួបការងារជាមួយ លោកស្រី Tania Meyer នាយក​ប្រចាំ​ប្រទេស នៃ​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា កាលពីថ្ងៃទី៥ ធ្នូ ឆ្នាំ២០២៤។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម មាន​ជំនឿយ៉ាង​មុត​មាំ​ថា ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្ត​គម្រោង​អភិវឌ្ឍ​នានា​ជាមួយ​ធនាគារ​ពិភព​លោក (The World Bank) នឹងប្រកបដោយលទ្ធផលផ្លែផ្កា និង​ទទួល​ជោគ​ជ័យ​ទៅ​មុខ​ទាំង​អស់​បន្ថែម​ទៀត ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឌិត ទីណា បានលើកឡើង​ពី​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ការ​រក្សា​ស្ថេរភាព​ថ្លៃ​កសិផល​សម្រាប់​ប្រជា​កសិករ និងអ្នកប្រើប្រាស់ ការដាក់ពង្រាយមន្រ្តីកសិកម្មភូមិ-ឃុំ ដែល​ជា​ជំនួយ​ការ​របស់​ប្រជា​កសិករ​ជួយ​ទៅ​លើផ្នែកបច្ចេកទេសនិងការរាយការណ៍នូវបញ្ហាប្រឈមផ្សេងៗ និងការកសាង​សហគមន៍​កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត មានផែន​ការ​ច្បាស់​លាស់ ទទួលបានកម្ចីដើមទុនការប្រាក់ទាប អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ មាន​ការ​គាំទ្រ​បច្ចេក​ទេសជាប្រចាំពីក្រសួង និងការគាំពារពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ។

បន្ថែមពីនេះលោកបានណែនាំ​អំពី​គោល​នយោបាយ​អាទិភាព​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ការ​ធានា​ឱ្យ​បាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាកសិករ មាន​ហូប​ មានប្រើ មានបាន និងមានរហូត។ លោកថា «កម្ពុជាមានកសិផលសក្តានុពលជាច្រើន ដែល​ត្រូវ​ការ​ការកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ប្រការសំខាន់ការប្រកួតប្រជែងនេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​គុណភាពល្អប្រណិត រសជាតិឆ្ងាញ់ អនាម័យខ្ពស់ លក់ក្នុងតម្លៃថ្លៃ និងទទួល​បាន​តម្លៃ​បន្ថែម​ខ្ពស់ ដោយមិនប្រកួតប្រជែងបរិមាណឡើយ»។

ដោយឡែកពាក់ព័ន្ធនឹង​ការងារឌីជីថលូបនីយកម្ម លោក ឌិត ទីណា បានលើកឡើងថា ការងារនេះ គឺ​ជា​មូល​ដ្ឋាន​គ្រឹះយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម ដែលត្រូវដាក់ឱ្យ​អនុវត្ត​គ្រប់​ទី​កន្លែង​ដូច​ជា​ការ​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃរបស់មន្រ្តីរាជការ គ្រឹះស្ថានអប់រំ ការងារមន្រ្តីភូមិ-ឃុំ សហគមន៍កសិកម្មទំនើប និង​កសិករនៅមូលដ្ឋានជាក់ស្តែង សុទ្ធសឹងតែត្រូវការដើម្បីអនុវត្តការងារមានភាពទំនើបកម្ម រហ័ស​ទាន់ពេលវេលា និងមានភាពងាយស្រួល។ ក្នុងការងារនេះ ក្រុមការងារ​ធនាគារ​ពិភពលោក​អាច​ពិនិត្យ​លទ្ធភាពក្នុងការចូលរួមជំរុញកម្មវិធីផ្សេងៗដែលអាចប្រើប្រាស់បានទូលំទូលាយ មាន​ការ​គ្រប់​គ្រងច្បាស់លាស់ និងអាចជួលជុលថែទាំបានប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង