រដ្ឋមន្ត្រីកសិកម្ម ស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្មពីឡាវមកកម្ពុជា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវមកប្រទេសកម្ពុជា។ ការប្រកាសនេះនៅក្នុងឱកាសដែលលោកអនុញ្ញាតឱ្យក្រុមហ៊ុនសុីណូ អាហ្គ្រីប៉ូតាស(Sino-Agri Potash Co.,Ltd) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនត្រូវចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម តេស្តគុណភាពធាតុចូលកសិកម្ម ជាពិសេសជី ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស។ បន្ថែមពីលើនេះ ក្រុមហ៊ុនត្រូវស្វែងយល់ពីនីតិវិធីច្បាប់ និងនីតិវិធីការចុះបញ្ជីផលិតផលសម្រាប់ពាណិជ្ជកម្មឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ។
ពាក់ព័ន្ធនឹងការងារនេះទៀតសោត លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនស្វែងយល់ពីតម្រូវការទីផ្សារនៅកម្ពុជា ហើយត្រូវវិនិយោគជីកសិកម្មដែលមានគុណភាពល្អ មានតម្លៃសមរម្យ និងមានស្តង់ដាខ្ពស់៕