ក្រសួងព័ត៌មាន និងPPIU ចុះ MOU លើកិច្ចសហប្រតិបត្តិការកម្មវិធីបណ្តុះបណ្តាលជំនាញវិស័យព័ត៌មាន

ក្នុងកិច្ចសហប្រតិបត្តិការកម្មវិធីបណ្តុះបណ្តាលជំនាញ ក្នុងក្របខណ្ឌវិស័យព័ត៌មាន និងសោតទស្សន៍ រវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចុះអនុស្សរណៈនៃការយោគយល់ជាផ្លូវការ (MOU)។

ពិធីនេះធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយលោកស្រីឧកញ៉ា ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោក នេត្រ ភក្ត្រា បានអោយដឹងថា កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ រវាងស្ថាប័នរដ្ឋ និងឯកជននេះ សំដៅចូលរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុង វិស័យព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ ឱ្យស្របតាមការវិវត្តយ៉ាងលឿន និងឥតឈប់ឈរក្នុងវិស័យនេះ ដែលកំពុងត្រូវបានជំរុញដោយបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត។

ដោយឡែកលោកស្រីឧកញ៉ា ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តធ្វើយ៉ាងណាឱ្យវគ្គសិក្សាអាចបើកជូនសិស្ស និស្សិតបានក្នុងពេលឆាប់ៗនេះ ព្រមទាំងរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីធានានិរន្តភាពនៃកម្មវិធីសិក្សា។

សូមជម្រាបថា តាមរយៈការចុះ MOU ខាងលើនេះ កម្មវិធីសិក្សារួមមានទ្រឹស្តី និងការអនុវត្តផ្ទាល់លើជំនាញសារព័ត៌មាន ការសរសេរអត្ថបទ ផលិតនិងការផ្សាយ ព័ត៌មានបែបប្រពៃណីព្រមទាំងដាក់បញ្ចូលផងដែរ ការបណ្តុះបណ្តាលជំនាញពហុព័ត៌មាន និងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់សំខាន់ៗក្នុង វិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងយុគសម័យឌីជីថល ក្នុងនោះរាប់បញ្ចូលទាំងមុខវិជ្ជាស្នូល ដែលមានដូចជា៖ សារព័ត៌មាន, ជំនាញផលិតកម្មវិធីទូរទស្សន៍, សារព័ត៌មានឌីជីថល, ទំនាក់ទំនងសាធារណៈ និងទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្ម, ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍៕

អត្ថបទដែលជាប់ទាក់ទង