កម្ពុជានិងចិន ចុះ MoU លើកិច្ចសហប្រតិបត្តិការមហាសមុទ្រ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
ក្រសួងបរិស្ថាន និងក្រសួងធនធានធម្មជាតិចិនបានចុះអនុស្សារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការមហាសមុទ្រ ប្រកបដោយចីរភាពដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីបៃតង។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ មហាសមុទ្រ ប្រកបដោយចីរភាពរវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើឡើងកាលពីថ្ងៃទី២ ខែធ្នូ
ធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន។
ពិធីនេះខាងភាគីកម្ពុជាតំណាងដោយ និងភាគីចិនតំណាងដោយ
លោក SUN Shuxian អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ បានអោយដឹងថា «គំនិតផ្តួចផ្តើមរួមគ្នារវាងកម្ពុជាចិន ដែលជាមិត្តដែកថែបយូរអង្វែងនេះ នឹងឆ្លើយតបការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីបៃតង/ខៀវ នៃការលើកកម្ពស់បរិស្ថានប្រកបដោយនិរន្តរភាព ក្នុងនោះរួមមាន ការសម្អាតមហាសមុទ្រ ការកសាងសមត្ថភាពនិងការផ្ទេរបច្ចេកវិទ្យា»។
លោកបន្តថា ទាំងនេះគឺជាគោលបំណងយ៉ាងជាក់លាក់ក្នុងការបង្កើតអត្ថប្រយោជន៍ដ៏មានអត្ថន័យនិងយូរអង្វែងសម្រាប់បរិស្ថាន សម្រាប់សហគមន៍ និងមនុស្សជំនាន់ក្រោយរបស់កម្ពុជា និងចិន ក្រោមកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងយូរអង្វែងរបស់ប្រទេសទាំងពីរ។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងថា បញ្ហាបរិស្ថាន គឺមិនមានព្រំដែនកំណត់នោះឡើយ។ លោករំពឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ និងរីកចម្រើនរវាងប្រជាជាតិទាំងពីរ ដែលបានកសាងឡើងរួមគ្នា ដោយការគោរពគ្នាទៅវិញទៅមក និងចក្ខុវិស័យរួមគ្នាដើម្បីភាព ស្អាត ភាពបៃតង និងចីរភាពនាពេលអនាគត ដើម្បីការពារមហាសមុទ្ររបស់យើង គ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការបាត់បង់ជីវចម្រុះ ការបំពុល និងការប្រែប្រួលអាកាសធាតុ៕