កម្ពុជាគ្រោងនឹងរៀបចំបង្កើតឱ្យមានមន្ទីរពិសោធន៍ជាតិកសិកម្មដែលលក្ខណៈស្តង់ដាកម្រិត ISO

ភ្នំពេញ៖ កម្ពុជាគ្រោងនឹងរៀបចំបង្កើតឱ្យមានមន្ទីរពិសោធន៍ជាតិកសិកម្មដែលលក្ខណៈស្តង់ដាកម្រិត ISO សម្រាប់ពិនិត្យលើអនាម័យ ភូតគាមអនាម័យ និងការគ្រប់គ្រងជំងឺផ្សេងៗក្នុងការជំរុញនាំចេញកសិផលកម្ពុជា។

ក្នុងកិច្ចប្រជុំពិភាក្សាលើការងាររៀបចំមន្ទីរពិសោធន៍ជាតិកសិកម្ម នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ទីណា  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងក្តីសោមនស្សរីករាយចំពោះក្រុមការងារ UNIDO ក្នុងការចូលរួមពិនិត្យលទ្ធភាពរៀបចំមន្ទីរពិសោធន៍ជាតិកសិកម្មឱ្យមានភាពបន្ស៊ីគ្នា និងជំរុញការកសាងមន្ទីរពិសោធន៍នេះឱ្យមានលក្ខណ:ស្តង់ដា ISO សម្រាប់វិស័យកសិកម្មកម្ពុជា តាមរយៈក្រុមការងារ UNIDO។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារ UNIDO ត្រូវសិក្សាអំពីសម្ភារៈពិសោធ និងស្តង់ដានៃការជួសជុលថែទាំឱ្យមានគុណភាពល្អ និងមានស្តង់ដាតែមួយ។

លោក ឌិត ទីណា បានសង្កត់ធ្ងន់ថា មន្ទីរពិសោធន៍ជាតិនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបម្រើដល់ការធ្វើពាណិជ្ជកម្មនាំចេញកសិផលកម្ពុជា ដោយពិនិត្យលើអនាម័យ ភូតគាមអនាម័យ និងការគ្រប់គ្រងជំងឺផ្សេងៗ។ ម្ល៉ោះហើយ ការងារនេះត្រូវធ្វើឱ្យទាន់ពេលវេលា និងមានសម្ភារៈគ្រប់គ្រាន់ ដោយក្រសួងកសិកម្មបានត្រៀមខ្លួនរួចជាស្រេច ជាពិសេសផ្នែកធនធានមនុស្សដើម្បីបំពេញការងារនេះប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារត្រូវជំរុញការងារនេះបន្ថែមទៀត ធ្វើយ៉ាងណាឱ្យមានលទ្ធផលផ្លែផ្កា និងជាសក្ខីភាពមួយបង្ហាញពីកិច្ចសហប្រតិបត្តិការនៃការរួមគ្នាជួយគាំទ្រដល់ការងារមន្ទីរពិសោធន៍ជាតិកសិកម្មកម្ពុជា ឱ្យលេចចេញជារូបរាងពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង