អឺរ៉ុបប្តេជ្ញាគាំទ្រវិស័យកសិកម្មកម្ពុជានិងធានាថាវិស័យនេះអនុលោមតាមស្តង់ដារអន្តរជាតិកម្រិតខ្ពស់
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា “បញ្ហាកសិកម្មសព្វថ្ងៃត្រូវការការសហការរួមគ្នា និងដំណោះស្រាយច្នៃប្រឌិត។ លោកលោក អីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ថា ក្រុមអឺរ៉ុបកំពុងធ្វើការដើម្បីជួយជំរុញពន្លឿនកំណើនបៃតង និងការងារសមរម្យនៅក្នុងអាជីវកម្មកសិ-ពាណិជ្ជកម្មរបស់កម្ពុជា។
លោកថា តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា អ៊ឺរ៉ុប កំពុងកសាងភាពជាដៃគូដ៏រឹងមាំក្នុងការផ្តល់សិទ្ធិអំណាចដល់កសិករក្នុងស្រុក បង្កើនផលិតភាព និងការកែច្នៃក្នុងស្រុក ព្រមទាំងលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព។ លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បន្តថា អឺរ៉ុបប្តេជ្ញាគាំទ្រដល់វិស័យកសិកម្មកម្ពុជា និងធានាថាវិស័យនេះអនុលោមតាមស្តង់ដារអន្តរជាតិកម្រិតខ្ពស់”។
ដោយឡែកលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានលើកឡើងថា “គោលបំណងចម្បងរបស់យើងគឺគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងភាពធន់នឹងអាកាសធាតុនៃវិស័យកសិកម្ម។ តាមរយៈការជំរុញការអនុវត្តប្រកបដោយចីរភាព និងការពង្រឹងខ្សែច្រវាក់តម្លៃ យើងប្តេជ្ញាបង្កើនប្រាក់ចំណូល ពង្រីកសមត្ថភាពកែច្នៃ និងកែលម្អលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ដោយផ្តោតសំខាន់លើការបន្ថែមតម្លៃក្នុងស្រុក”។
ក្នុងឱកាសចុះធ្វើទស្សនកិច្ចរួមគ្នារយៈពេល២ថ្ងៃ ទៅកាន់ចម្ការស្វាយចន្ទី និងម្រេច ដើម្បីជំរុញកំណើនខ្សែច្រវាក់ផលិតកម្ម និងឱកាសការងារនៅខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ រវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមអឺរ៉ុប លោក ឌិត ទីណា បានលើកឡើងថា “សហគមន៍កសិកម្មទំនើបមានសារៈសំខាន់ចំពោះប្រព័ន្ធកសិ-ចំណីអាហាររបស់កម្ពុជា។ តាមរយៈការចងក្រងកសិករជាសហគមន៍កសិកម្មទំនើប នឹងជួយពង្រឹងសន្តិសុខស្បៀង ព្រមទាំងរួមចំណែកធានានូវនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានសម្រាប់កម្ពុជា។ តាមរយៈការប្រមូលផ្ដុំកសិករឱ្យប្រកាន់យកការអនុវត្តប្រកបដោយចីរភាព ពួកគេអាចកាត់បន្ថយថ្លៃដើមផលិតកម្ម ពង្រឹងអំណាចចរចា ក៏ដូចជាជីវភាពរបស់ពួកគាត់ផងដែរ”។
ជាការកត់សម្គាល់ កិច្ចសហប្រតិបត្តិការនេះកំពុងតែចូលរួមអនុវត្តដោយប្រទេសបារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងអភិវឌ្ឍការស្រាវជ្រាវ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មរបស់កម្ពុជា។ គំនិតផ្តួចផ្តើមនេះស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្នុងការលើកកម្ពស់ផលិតកម្មប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងអាជីវកម្មនៅក្នុងសហគមន៍កសិកម្ម (ACs) ក៏ដូចជាជាមួយអ្នកកែច្នៃ និងអ្នកនាំចេញ ដែលលើកកម្ពស់ផលិតភាព និងធានាសុវត្ថិភាពស្បៀងអាហារ ស្របតាម ស្ដង់ដារសង្គម និងបរិស្ថាន។
សូមជម្រាបថា គំនិតផ្តួចផ្តើមរបស់ក្រុមអឺរ៉ុបស្តីពីកសិពាណិជ្ជកម្មបៃតង និងការងារសមរម្យ ដែលមានការគាំទ្រដោយប្រទេសជាច្រើននៅអឺរ៉ុប មានគោលបំណងអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មប្រកបដោយចីរភាព ដោយពុំមានការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។ យុទ្ធវិធីនៃគំនិតផ្តួចផ្តើមនេះ គឺធ្វើយ៉ាងណាដើម្បីបង្កើតប្រព័ន្ធកសិ-កែច្នៃដែលធន់ ដែលបំពេញតាមលក្ខខណ្ឌទីផ្សារដែល មានតម្លៃខ្ពស់ ទាំងក្នុងតំបន់អឺរ៉ុប និងអាស៊ាន៕