រដ្ឋមន្ដ្រីសុខាភិបាល ៖ ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង បង្កបញ្ហាសុខភាពនិងជំងឺជាង ២០០ប្រភេទ
ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អះអាងថា ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង បង្កបញ្ហាសុខភាពនិងជំងឺច្រើនជាង ២០០ប្រភេទ ជាអាទិ៍ ជំងឺក្រិនថ្លើម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាមជាដើម។
នៅក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយការអប់រំសុខភាព ដើម្បីចៀសវាងកត្តាហានិភ័យ នៃជំងឺមិនឆ្លង នៅថ្ងៃទី២៧ ខែវិច្ឆិកា េះលោក ឈាង រ៉ា បានឱ្យដឹងថា ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង មិនមានកម្រិតសុវត្ថិភាពនោះទេ ប្រើប្រាស់ផលិតផលគ្រឿងស្រវឹងកាន់តែច្រើន បង្កហានិភ័យដល់សុខភាពកាន់តែច្រើន។ លោកថា៖ «ការប្រើប្រាស់គ្រឿងស្រវឹងប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់យុវវ័យ បណ្ដាលឱ្យញៀន និងបង្កបញ្ហាសុខភាពផ្លូវចិត្ត ដូចជា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្តជាដើម។ លើសពីនេះ ការប្រើប្រាស់គ្រឿងស្រវឹងបានប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម ជំរុញឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាបុគ្គល គ្រួសារផងដែរ»។
បើតាមលោករដ្ឋមន្ដ្រីបានបញ្ជាក់ថា ការកើតជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បងបួន រួមមាន របបអាហារមិនមានសុខភាព កង្វះសកម្មភាពរាងកាយ ការប្រើប្រាស់ផលិតផលថ្នាំជក់ និងការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។
លទ្ធផលស្រាវជ្រាវពីវិទ្យាស្ថានសុខភាពរបស់សហរដ្ឋអាមេរិក បានបង្ហាញថា បញ្ហាប្រឈមមុនគេ គឺថ្លើមពីព្រោះថ្លើមមានមុខងារបន្សាបសារធាតុអេតាណុល ដូចជា ជំងឺក្រិនថ្លើម ដែលនឹងវិវត្ដន៍ទៅមហារីកថ្លើម ដោយមានអត្រាជំងឺថ្លើម ៤៨ភាគរយ ហើយចំណោមនេះ មានអត្រាស្លាប់ ៦៦,៨ភាគរយ។
ការសិក្សានៃការអង្កេតប្រជាសាស្ដ្រ និងសុខភាពឆ្នាំ២០២១-២០២២ បានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងនៅកម្ពុជាមិនមានភាពខុសគ្នារវាងអ្នកនៅទីក្រុង និងអ្នកជនបទនោះទេ ដែលមានន័យថា ទំហំនៃការទទួលទានគ្រឿងស្រវឹងមាននៅទូទាំងប្រទេស។
ចំពោះការសិក្សាហានិភ័យនៃជំងឺមិនឆ្លងឆ្នាំ២០២៣ នៅកម្ពុជា បានបង្ហាញថា ៥០ភាគរយនៃប្រជាជនអាយុពី ១៨ ទៅ ៦៩ឆ្នាំ ទទួលទានគ្រឿងស្រវឹង រយៈពេល ៣០ថ្ងៃ មុនធ្វើការអង្កេត ដោយបុរសមានចំនួន៧១,២ភាគរយ ស្ដ្រី ២៦,៥ភាគរយ និង ៣០,៦ភាគរយ ជាយុវវ័យ អាយុពី ១៥ទៅ ១៨ឆ្នាំ៕