ព្រឹត្តិការណ៍ដណ្តើមខ្សែក្រវ៉ាត់ជើងឯកគ្រុឌគុនខ្មែរ នៅប្រទេសក្រិក បានបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍ដណ្តើមខ្សែក្រវ៉ាត់ជើងឯកគ្រុឌគុនខ្មែរ នៅប្រទេសក្រិក បានបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ដែលជាមហាកិត្តិយសមួយសម្រាប់ប្រទេសកម្ពុជា។

កម្មវិធីដ៏អស្ចារ្យនេះ រៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយសហព័ន្ធប្រដាល់ក្រិកដែលទទួលបានការសហការជួយឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្នុងការលះបង់ទាំងពេលវេលា និងការចំណាយថវិកា ដើម្បីធ្វើយ៉ាងណាជម្រុញការផ្សព្វផ្សាយគុនខ្មែរ សិល្បៈ និងអត្តសញ្ញាណខ្មែរ ទៅកាន់ឆាកអន្តរជាតិ។

ថ្លែងបន្ទាប់ពីដឹកនាំប្រតិភូមកដល់ប្រទេសកម្ពុជាវិញនៅរាត្រីថ្ងៃទី២៧ វិច្ឆិកា លោក តែម ម៉ឺន ប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអោយដឹងថា នេះជាជោគជ័យមួយសម្រាប់គុនខ្មែរនៅលើឆាកអន្តរជាតិ។លោកថា បេសកម្មដឹកនាំ​កីឡាករកីឡាការិនីគុនខ្មែរចូលរួមការប្រកួតមិត្តភាពគុនខ្មែរនៅប្រទេសក្រិកលើកទី១ នេះ គឺទទួលបានជោគជ័យខ្លាំង ទាំងលទ្ធផលដែលទទួលបានពីការ​ប្រកួត និងការគាំទ្រតាមរយៈការខិតខំផ្សព្វផ្សាយគុនខ្មែររបស់យើងនៅក្រិក។

ដោយឡែកសម្រាប់ផែនការផ្សព្វផ្សាយគុនខ្មែរនៅលើឆាកអន្តរជាតិ លោកបញ្ជាក់ថា សហព័ន្ធកំពុងមាន​ផែនការចេញទៅផ្សព្វផ្សាយនៅប្រទេសផ្សេងៗជាបន្តបន្ទាប់ទៀត ការប្រកួត និងការផ្សព្វផ្សាយជំហានបន្ទាប់អាចនិងមានទ្រង់ទ្រាយធំ និងល្អជាងពេលនេះទៅទៀត។

គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍គ្រុឌគុនខ្មែរ នៅប្រទេសក្រិក ដែលរៀបចំដោយ វឌ្ឍនៈ ប្រ៊ូវើរី នេះឡើង កម្ពុជា ទទួលបានខ្សែក្រវ៉ាត់ជើងឯកចំនួន ៤ ដែលបង្ហាញពីសមត្ថភាព និងការរីកចម្រើនរបស់កីឡាករគុនខ្មែរនៅលើឆាកអន្តរជាតិ។ ជោគជ័យនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការជម្រុញវិស័យកីឡាគុនខ្មែរ ឱ្យកាន់តែរីកចម្រើន និងទទួលបានការគាំទ្រទាំងក្នុង និងក្រៅប្រទេស។ ក្រោមដំបូលសន្តិភាព និងស្មារតីខ្មែរតែមួយ! វឌ្ឍនៈ ប្រ៊ូវើរី បានប្តេជ្ញាចិត្តបន្តនាំគុនខ្មែរទៅកាន់ឆាកអន្តរជាតិបន្ថែមទៀត ដើម្បីបង្កើតចំណងមិត្តភាព និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ និងប្រជាជនទាំងពីរ៕

 

អត្ថបទដែលជាប់ទាក់ទង