ប្រធាន​គណៈកម្មការ​ពិសេស​គ្រប់គ្រង​គម្រោង​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ បាន​អោយដឹងថា គម្រោង​សាង​សង់​ព្រែកជីក​ប្រវត្តិសាស្ត្រ​នេះ ​នៅ​តែ​បន្ត​ជា​ប្រក្រតី​ ដែល​ខុស​ពី​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​ដែល​ថា​គម្រោង​នេះ​ជាប់​គាំង​ដោយសារ​ចិន​មិន​គាំទ្រ​ផ្នែក​ថវិកា។

ថ្លែង​ប្រាប់​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា​នេះ លោក ស៊ុន ចាន់ថុល ដែល​ជា​អនុប្រធាន​ទីមួយ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​របស់​លោក​ទើបតែ​បាន​ជួប​ជាមួយ​ភាគី​ក្រុមហ៊ុន​ចិន​ដែល​ជា​អ្នក​វិនិយោគ កាល​ពី​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា​សប្ដាហ៍​មុន ដើម្បី​ពិនិត្យ​មើល​លើ​ការ​សិក្សា​ដែល​បាន​ធ្វើ​ឡើង​ពី​កន្លង​មក ភាគី​ចិន​បាន​ឯកភាព «១០០​ភាគរយ» ទៅ​លើ​លទ្ធផល​នៃ​ការ​សិក្សា​លទ្ធភាព​ដែល​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល ២​ឆ្នាំ។

លោក ស៊ុន ចាន់ថុល ថ្លែង​បន្ត​ថា៖ «វា​មាន​មនុស្ស​៤​ប្រភេទ គឺ​អ្នក​ថា អ្នក​ធ្វើ អ្នក​ឈរ​មើល និង​អ្នក​ទិទាន។ អីចឹង អ្នក​សរសេរ​កាសែត​នោះ គាត់​ជួប​អ្នក​ថា អ្នក​ឈរ​មើល និង​អ្នក​ទិទាន។ ដូច្នេះ​គាត់​សរសេរ​តាម​បែប​ហ្នឹង​ទៅ។ ម៉េច​មិន​សួរ​អ្នក​ធ្វើ​ថា ដល់​ណា​ហើយ​គម្រោង​ហ្នឹង»។

គ្រោង​ព្រែកជីក​ហ្វូណនតេជោ ដែល​មាន​តម្លៃ​សាង​សង់​ប្រមាណ ១,៧​ពាន់​លាន​ដុល្លារ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី៥ ខែ​សីហា ដែល​មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​ជិត ៣​ខែ​ហើយ។ លោក ស៊ុន ចាន់ថុល ថ្លែង​ថា ក្នុង​រយៈ​ពេល​៣​ខែ​ចុង​ក្រោយ​នេះ ក្រុម​ការងារ​បាន​ប្រឹង​ប្រែង​លើ​ការងារ​ពាក់​ព័ន្ធ ហើយ​កម្ពុជា​ក៏​ទទួល​បាន​ការ​ឯកភាព​ពី​គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​បាន​បញ្ជាក់​ថា គម្រោង​នេះ​មិន​ប៉ះ​ពាល់​បរិស្ថាន​នៅ​កម្ពុជា​និង​នៅ​វៀតណាម​នោះ​ទេ។

លោក​បន្ត​ថា «តើ​បន្ត​ទៀត​យើង​ធ្វើ​អ្វី? ការងារ​បន្ត​ទៀត​គឺ​យើង​ជជែក​គ្នា​លើ​កិច្ច​ព្រមព្រៀង​សម្បទាន ហើយ​បាន​កំណត់​ថា​នឹង​ប្រឹងប្រែង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ឲ្យ​បាន​ឆាប់។ ការងារ​សាងសង់​ព្រែកជីក​នេះ​មាន​ភាព​យឺតយ៉ាវ​ខ្លះ​ដោយសារ​តែ​រដូវ​ទឹក​ឡើង​ធ្វើ​ឲ្យ​ពិបាក​វាស់​វែង។ លើស​ពី​នេះ ទៀត​រដ្ឋាភិបាល​បាន​ជួល​ក្រុមហ៊ុន​ ៤ ដើម្បី​សិក្សា​ដោះស្រាយ​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ»

លោក​ថ្លែង​ថា «គម្រោង​នេះ​នឹង​ចប់​ជា​ស្ថាពរ​តាម​ការ​កំណត់ តាម​ការ​ប្រកាស​របស់​សម្ដេច​បវរធិបតី [ហ៊ុន ម៉ាណែត] នៅ​ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​នៅ​ថ្ងៃ​ទី ៥ ខែ​សីហា។ ប៉ុន្តែ មាន​អ្នក​ខ្លះ​មិន​ជួយ​ចូក​ជួយ​ចែវ ប៉ុន្តែ យក​ជើង​រាទឹក ហើយ​នោម​ដាក់​ទូក​ទៀត»៕