លោកសំ សឿន ៖ប.ស.ស.ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពពលរដ្ឋ ខណៈវិសាលភាពឱ្យកាន់តែទូលំទូលាយ
ប្រធានសហភាពជាតិពលកម្មជាតិកម្ពុជា បានអោយដឹងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននឹងកំពុងចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការថែទាំសុខភាពរបស់ពលរដ្ឋកម្ពុជា ខណៈការប្រើប្រាស់បណ្ណ ប.ស.ស. បានពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយជាងមុន និងចំណាយប្រាក់តិចក្នុងការបង់វិភាគទានលើសេវាថែទាំសុខភាព។
លោក សំ សឿន បានអោយដឹងថា អ្នកដែលមានប័ណ្ណប.ស.ស. ដូចមានទ្រព្យមហាសាលនៅក្នុងគ្រួសារ ប.ស.ស. ទទួលបានការពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់សេវាមួយនេះកន្លងមក ហើយជាបណ្តើៗសេវាកម្មមួយនេះនឹងក្លាយទៅជាបង្អែកសម្រាប់ពលរដ្ឋកម្ពុជាក្នុងការថែទាំសុខភាពរបស់ពួកគេ។ លោកថា អត្ថប្រយោជន៍របស់ ប.ស.ស. និងភាពងាយស្រួលលើការប្រើប្រាស់ គឺជាការលើកទឹកចិត្តពលរដ្ឋឱ្យប្រើប្រាស់សេវារបស់រាជរដ្ឋាភិបាលមួយនេះកាន់តែច្រើនឡើងៗ ជាពិសេសលើកទឹកចិត្តឱ្យពលរដ្ឋកាន់តែគិតគូរពីសុខភាពជាងមុន។
បើតាមលោកសំ សឿន បន្ថែមថា បច្ចុប្បន្ន ប.ស.ស.មានការពង្រីកវិសាលភាព គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ខណៈពេលដែល ប.ស.ស. របស់រាជរដ្ឋាភិបាលបាននិងកំពុងទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋកម្ពុជា ដែលជាអ្នកប្រើប្រាស់។
លោកបន្ដថា បេឡាជាតិសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាបានក្លាយទៅជាមធ្យោបាយយ៉ាងមានសារសំខាន់សម្រាប់ទ្រទ្រង់សុខភាពរបស់ពលរដ្ឋកម្ពុជា ពីព្រោះសមាជិករបស់ ប.ស.ស. ចំណាយថវិកាតិច ក៏ប៉ុន្តែពួកគេទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងអាចប្រើប្រាស់សេវាថែទាំសុខភាពផ្សេងៗទៀតបានដោយមានប្រសិទ្ធិភាព និងរហ័សផងដែរ។
ការពង្រីកវិសាលភាពរបស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបង្កើតឡើងដើម្បីជួយប្រជាពលរដ្ឋឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្ដីឬប្រពន្ធនិងកូនក្នុងបន្ទុក ជាហេតុធ្វើឱ្យបងប្អូនអាចគ្រប់គ្រងចំណាយលើបញ្ហាសុខភាពនិងគ្រោះថ្នាក់ផ្សេងៗសំដៅ រក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារនិងបង្កើនផលិតភាពការងារ។ បច្ចុប្បន្នរបបសន្តិសុខសង្គមបានពង្រីកវិសាលភាពរបស់ខ្លួន ទៅដល់អ្នកនៅក្នុងបន្ទុករបស់សមាជិក ប.ស.ស ទាំងបុគ្គលស្វ័យនិយោជន៍ និងមន្ត្រីសាធារណៈ។
សូមបញ្ជាក់ថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលសមាជិករបស់ខ្លួនកើនឡើងដល់ ២,៦៧១,០៣០ នាក់ ក្នុងនោះសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍មានចំនួន ៤២២,៥៩៣នាក់ និងសមាជិក ប.ស.ស. ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. (សហព័ទ្ធ និងកូន) ចំនួន ១៣៦,២១០នាក់។
ដោយឡែក ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តទី៧ បានពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តាមរយៈការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្ត របស់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺមានរយៈពេលមួយឆ្នាំហើយ៕