ឆ្នាំ២០២៤ ក្រសួងរ៉ែ ប្រមូលចំណូលពីវិស័យរ៉ែ ជាចំណូលមិនមែនសារពើពន្ធ កើនដល់ប្រមាណជិត$៩០ លាន
ភ្នំពេញ ៖ ឆ្នាំ២០២៤ នេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលពីវិស័យរ៉ែ ជាចំណូលមិនមែនសារពើពន្ធ កើនដល់ប្រមាណជិត ៩០ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៧០% ធៀបឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ និងថាមពល។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២៤ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ ២០២៥ នៅថ្ងៃទី ២១ ខែ វិច្ឆិកា នេះលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ និងថាមពល បានអោយដឹងថា ទាក់ទិនវិស័យរ៉ែ និង ថាមពល បានកាត់បន្ថយការិយាធិបតេយ្យ ដើម្បីសម្រួលដល់ការផ្តល់សេវា និងគាំទ្រវិស័យឯកជន និងវិភាគទានរបស់វិស័យរ៉ែជូនរដ្ឋ, ក្នុងអាទិភាពនេះ ក្រសួងបានកាត់បន្ថយភាពសាំញ៉ាំ និងបង្កើតទីលានប្រកួតប្រជែងមួយដែលមានលក្ខណៈស្មើភាព ដោយយកច្បាប់ និងគោលការណ៍ជាគោល។
លោកថា ចំពោះការប្រមូលចំណូលវិស័យរ៉ែដែលសម្រេចបានប្រមាណជិត ៩០ លានដុល្លារអាមេរិកខាងលើនេះ ក្នុងនោះតាមការប៉ាន់ស្មាន, ចំណូលសារពើពន្ធនៃអាជីវកម្មរ៉ែមាស បានប្រមាណជិត ៣១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។ ដោយឡែកចំណូលពីអាករលើការនាំចេញផលិតផលរ៉ែគ្រប់ប្រភេទ បានប្រមាណ ៣១,៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និង កើនដល់ប្រមាណ ៦១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤៕