រយៈពេល៧ឆ្នាំ រដ្ឋចំណាយថវិកាជាង ៤,៣ប៊ីលានដុល្លារ លើប្រព័ន្ធគាំពារសង្គម
ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងវត្តមានរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីឆ្នាំ២០១៧ ដែលជាវឌ្ឍនភាព វិសាលភាពនៃការគ្របដណ្ដប់របស់ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុនជាង ២ដង និងបាន និងកំពុងគ្របដណ្តប់ពលរដ្ឋជាង ៧លាននាក់ ជាមួយនឹងចំណាយថវិកាជាតិ ក៏បានកើនឡើងធំជាងមុន ជាង ៣ ដង ពោលគឺមានទំហំថវិកាចំណាយសរុបលើប្រព័ន្ធគាំពារសង្គម ចំនួនជាង ១៧, ៥ ទ្រីលានរៀល ឬសមមូលនឹង ៤,៣ ប៊ីលានដុល្លារអាម៉េរិក។
លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានអោយដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលបានដាក់ឱ្យអនុវត្ត កាលពីឆ្នាំ២០១៩ និងបានពង្រីកវិសាលភាពជាបន្តបន្ទាប់ ព្រមទាំងបានដំឡើងកម្រិតប្រាក់ឧបត្ថម្ភទ្វេដង ដោយគិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ស្រ្តី និងកុមារសរុបប្រមាណ ៧៧ ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ។ ចំណែកកម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រ ដែលអនុវត្តសម្រាប់ទាំងថ្នាក់បឋមសិក្សា និងថ្នាក់មធ្យមសិក្សា សរុបចំនួនជាង ២៦ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៤ ហើយកម្មវិធីនេះ នឹងត្រូវពង្រីកវិសាលភាពបន្ថែមទៀត ទៅជាការផ្តល់ដល់សិស្សមកពីគ្រួសារក្រីក្រទាំងអស់នៅទូទាំងប្រទេស នៅឆ្នាំ២០២៥ ខាងមុខ ដែលតាមការប៉ាន់ស្មាន នឹងមានចំនួន ប្រមាណ ៤៥ម៉ឺននាក់។
លោកបន្តថា ចំណែកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ដែលបានពង្រីកវិសាលភាពដល់ជនមានពិការភាពមកពីគ្រួសារក្រីក្រទាំងអស់ទូទាំងប្រទេស ដែលបច្ចុប្បន្នមានអ្នកចាប់ផ្តើមទទួលផលចំនួនជាង ២ម៉ឺន ២ពាន់នាក់។ ខណៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរាមកពីគ្រួសារក្រីក្រទូទាំងប្រទេស ដែលបច្ចុប្បន្នមានអ្នកទទួលផលចំនួនជិត ៣០ម៉ឺននាក់។ រីឯកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់ ដែលបច្ចុប្បន្នមានជាង ៦១ម៉ឺនគ្រួសារបានទទួលផល និងការឧបត្ថម្ភសមាជិកដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ ចំនួនជិត ២ពាន់នាក់ ផងដែរ។
ដោយឡែកកម្មវិធីផ្តល់អាហារតាមសាលារៀន បានពង្រីកវិសាលភាពជាបន្តបន្ទាប់ ដែលបច្ចុប្បន្ន មានសាលារៀនអនុវត្តកម្មវិធីនេះ សរុបមានចំនួន ១.១១៤សាលា និងសិស្សទទួលផលប្រមាណ ៣០ម៉ឺននាក់ ដែលក្នុងនោះ រាជរដ្ឋាភិបាលបានទទួលយកសាលាគោលដៅពីដៃគូអភិវឌ្ឍន៍ចំនួន ៥៥៣សាលា ក្នុងខេត្តចំនួន ១០ និងមានសិស្សទទួលផលជាង ១៥ម៉ឺននាក់។
កម្មវិធីជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ត្រូវបានដាក់ឱ្យអនុវត្ត ដោយគិតត្រឹមខែតុលា ឆ្នាំ២០២៤ មានយុវជនបានចុះឈ្មោះចូលរៀនចំនួនប្រមាណជិត ៧ម៉ឺននាក់ ក្នុងនោះ ក្រុមគោលដៅជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមានចំនួនជាង ២ម៉ឺននាក់។ ជាមួយគ្នានេះ មូលនិធិសមធម៌សុខាភិបាល ត្រូវបានពង្រីកវិសាលភាពជាបន្តបន្ទាប់កើនដល់ប្រមាណ ៤,៨លាននាក់ កំពុងទទួលបានការថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ឬមន្ទីរពេទ្យរដ្ឋ ដោយរដ្ឋជាអ្នកបង់ថ្លៃជំនួស។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ របបសន្តិសុខសង្គមមានចំនួន ៣ ប៉ុន្តែវិសាលភាពនៅមានកម្រិត ដោយបានគ្របដណ្តប់ពលរដ្ឋត្រឹម ១,២៦លាននាក់ និងចំណាយថវិកាសរុបចំនួនប្រមាណ ៧២៩ប៊ីលានរៀល ឬស្មើនឹង ១៨២លានដុល្លារ ប៉ុន្តែបច្ចុប្បន្នប្រព័ន្ធសន្តិសុខសង្គមបានពង្រីកវិសាលភាព ដោយគិតត្រឹមឆ្នាំ២០២៤នេះ បានគ្របដណ្តប់លើប្រជាពលរដ្ឋសរុបប្រមាណ ២,៥លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដែលបានកើនឡើងទ្វេដង ហើយបានចំណាយថវិកាសរុបចំនួនប្រមាណ ២២៩៦ប៊ីលានរៀល ឬស្មើនឹង ៥៧៤លានដុល្លារ ដោយថវិកាជាតិចំនួន ៤០៦លានដុល្លារ និងថវិកាភាគទានប្រមាណ ១៦៨លានដុល្លារ ក្នុងមួយឆ្នាំ៕