លោកខូវ ឆាយ ៖ ទៅប្រកួត​នៅក្រិក​លើកនេះ មិនមែនទៅដើម្បីប្រកួត​តែមួយ​មុខនោះទេ គឺទៅបង្ហាញឱ្យពិភពលោកបាន​ឃើញអំពីក្បាច់​គុន​ខ្មែរយើង

ភ្នំពេញ៖ ប្រធានសហពន្ធ័កីឡាកប្រដាល់គុនខ្មែរ បានអោយដឹងថា បេសកម្មគុនខ្មែរទៅប្រកួត​នៅក្រិក​លើកនេះ ជាបេសកម្មដ៏វិសេសវិសាល គឺមិនមែនទៅដើម្បីប្រកួត​តែមួយ​មុខនោះទេ ពោលយើងទៅបង្ហាញឱ្យពិភពលោកបាន​ឃើញអំពីក្បាច់​គុន​ខ្មែរយើង ទៅដើម្បីផ្សព្វផ្សាយនិងឱ្យគេចូលរួមគាំទ្រគុនខ្មែរ មកចូលរួម​ជាមួយ​គុនខ្មែរ និងងាកមកបង្កើតក្លឹបគុនខ្មែរនៅក្រិកនាពេលអនាគតផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡា​ប្រដាល់​​​គុនខ្មែរ បានថ្លែងថា ការចាក​ចេញរបស់កីឡាករកីឡាការិនីគុនខ្មែរដឹកនាំដោយលោកផ្ទាល់លើកនេះ គឺជាការប្រកួតមិត្តភាពរវាងកីឡាករកីឡាការិនីគុនខ្មែរ និងកីឡាករ កីឡាការិនីប្រទេសក្រិក ជាការប្រកួតប្រទេសនិងប្រទេស ក្រោមកិច្ចសហការរបស់សហព័ន្ធកីឡាអាស៊ានស្ព័តនៅទឹកដីប្រទេសក្រិច ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានចុះអនុស្សារណៈយោគយល់គ្នាចាប់តាំងពីឆ្នាំ២០២៣មកម្លេះ ដើម្បីផ្សព្វផ្សាយសិល្បៈក្បាច់គុនពីគ្នាទៅវិញទៅមក។

លោកខូវ ឆាយ បន្តទៀតថា ដោយសារតែភាពវ័យចំណាស់នៃក្បាច់គុនខ្មែរបុរាណខ្មែរនេះហើយ ទើបសហព័ន្ធកីឡាប្រដាល់ប្រទេសក្រិកអញ្ជើញឱ្យកម្ពុជានាំយកក្បាច់គុនខ្មែរទៅផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទឹកដីប្រទេសក្រិក ក៏ដូចជានៅអឺរ៉ុប​ទាំងមូល។

ប្រធានសហព័ន្ធ  សង្ឈឹមខ្ពស់ថា បេសកម្មផ្សព្វផ្សាយគុនខ្មែរនៅប្រទេសក្រិកលើកនេះ កីឡាករកីឡាការិនីគុនខ្មែរយើងនិងធ្វើបានល្អប្រកួតដោយមានភាពទាក់ទាញនិងស្វិតស្វាញបំផុត ដើម្បីទាក់ទាញអន្ទងចិត្តឱ្យប្រជាជនក្រិកចូលចិត្ត ​និង​ស្រលាញ់គុនខ្មែរ ចង់ឃើញការប្រកួតបន្តបន្ទាប់ទៀត និងចង់មកហ្វឹក​ហាត់​គុនខ្មែរ។ សម្រាប់បេសកម្មទៅប្រទេសក្រិកលើកនេះ មិនមែនទៅតែក្រុម​កីឡាករ​និងប្រតភូនោះទេ ពោលគឺនាំទាំងក្រុមភ្លេងគុនខ្មែរមួយ​ក្រុមទៅ​ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា សំអាង វឌ្ឍនៈ ប្រធាន​ក្រុម​ហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលលោក បានចំណាយថវិកាយ៉ាងច្រើនក្នុងការ​បញ្ជូន​កីឡាករកីឡាការិនី និងប្រតិភូទៅប្រកួតនៅប្រទេសក្រិក ដើម្បីផ្សព្វ​ផ្សាយ​អំពីគុនខ្មែរឱ្យពិភពលោកបានស្គាល់។

សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងនាំយកគុនខ្មែរ៨រូបទៅធ្វើការ​ប្រកួតនៅប្រទេសក្រិកដែលជាប្រទេសដើមកំណើតកីឡាអូឡាំពិក។ កីឡាករ កីឡាការិនីគុនខ្មែរទាំង៨រូប រួមមាន៖ ធន់ ស្រីពេញ, កីឡាករ ធន់ ស៊ីហុង, កីឡាករ ស៊ន រ៉ាគីម, កីឡាករ គង់ សំបូ, លន បញ្ញា , គីម វាសនា, កីឡាករ ធន់ រិទ្ធី និងឡុង សុវណ្ណឌឿន។ ក្រៅពីបញ្ជូនកីឡាករទាំង៨រូប សហពន្ធក៏បានបញ្ជួនក្រុមភ្លេងខ្មែរ គ្រូបង្វិក និងមន្ត្រីសហពន្ធ ក៏ទៅចូលរួមនៅប្រទេសក្រិចផងដែរ។ កម្មវិធីប្រកួតនេះ នឹងរៀបចំប្រកួតនៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៤​នៅប្រទេសក្រិក ផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ជាតិកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង