ឆ្នាំ២០២៤ កម្មវិធីជាតិជំនួយសង្គម ចំណាយថវិកាជាតិ ប្រមាណ$២៨៥លាន
ភ្នំពេញ៖ រហូតមកដល់ឆ្នាំ២០២៤នេះ កម្មវិធីជាតិជំនួយសង្គមបានពង្រីកវិសាលភាពដោយគ្របដណ្តប់លើពលរដ្ឋសរុប ចំនួន១,២លានគ្រួសារ មានសមាជិកចំនួនជាង៤,៨លាននាក់ ដោយចំណាយថវិកាជាតិ ប្រមាណ២៨៥លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងរបស់អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៩ ខែវិច្ឆិកានេះ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ឱ្យដឹងថា វិសាលភាពនៃការគ្របដណ្ដប់របស់ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុនជាង២ដង បើធៀបនឹងឆ្នាំ២០១៧ ដោយបច្ចុប្បន្ន បាននិងកំពុងគ្របដណ្តប់ពលរដ្ឋជាង៧លាននាក់ ជាមួយនឹងចំណាយថវិកាជាតិ ក៏បានកើន ឡើងធំជាងមុនជាង៣ដង។ ពោលគឺ មានទំហំថវិកាចំណាយសរុបលើប្រព័ន្ធគាំពារសង្គមចំនួនជាង ១៧,៥ ទ្រីលានរៀល ឬសមមូលនឹង៤,៣ប៊ីលានដុល្លារអាម៉េរិក ចាប់តាំងពីរាជរដ្ឋាភិបាល ដាក់ចេញនូវក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម កាលពីឆ្នាំ២០១៧មក ។
គិតត្រឹមបច្ចុប្បន្ន ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីគាំពារសង្គមចំនួនសំខាន់ៗចំនួន៧៖ ទី១/ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ, ទី២/ កម្មវិធីផ្ដល់អាហារនៅតាមសាលារៀន ដោយប្រើប្រាស់កសិផលនៅតាមសហគមន៍ , ទី៣ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។
ទី៤ / មូលនិធិសមធម៌សុខាភិបាល មូលនិធិសមធម៌សុខាភិបាល ត្រូវបានពង្រីកវិសាលភាពយ៉ាងទូលំទូលាយដល់ក្រុមពលរដ្ឋគោលដៅផ្សេងទៀត, ទី៥/កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។
ទី៦/ របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីយយុទ្ធជន ដែលមានអ្នកទទួលផលជិត១៣ម៉ឺននាក់ និងទី៧/ របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលិកទាំងឡាយ ដែលស្ថិតក្រោមបញ្ញត្តិនៃច្បាប់ស្ដីពីការងារ៕