ក្រសួងបរិស្ថានកម្ពុជា និងអង្គការFAO ប្តេជ្ញាចិត្តរូមគ្នាកៀរគរធនធានសម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
នៅក្នុងជំនួបជាមួយលោក Kaveh Zahedi ប្រធានការិយាល័យការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងបរិស្ថាន (OCB) នៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងតំណាងអង្គការFAO ប្តេជ្ញាចិត្តរូមគ្នាកៀរគរធនធានសម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
ការជួបពិភាក្សារវាង លោកបណ្ឌិត អ៊ាង សុផល្លែត និង ប្រធានការិយាល័យការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងបរិស្ថាន នៃអង្គការFAO នាឱកាសដែលលោកអញ្ជើញទៅចូលរួមសន្និសីទកំពូលលើកទី២៩ បណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ( COP ) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។
លោករដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហប្រតិបត្តការជាមួយគ្នាកន្លងមក ដោយអង្គការFAO ជាដៃគូរដ៏ល្អរបស់កម្ពុជា ក្នុងការអនុវត្តការងារប្រែប្រួលអាកាសធាតុ ការស្ដារព្រៃឈើឡើងវិញ និងកសិកម្ម និងស្បៀងអាហារ។ លោកអ៊ាង សុផល្លែត ថា កម្ពុជាបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យអាទិភាព ដើម្បីដោះស្រាយបញ្ហាប្រឈមដោយការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ឱ្យមានប្រសិទ្ធភាពផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានត្រៀមខ្លួនជាស្រេច ដើម្បីការធ្វើពាណិជ្ជកម្មឥណទានកាបូន ដោយកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ នូវវិធានប្រតិបត្តិ នៃមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ និងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0។
លោក Kaveh Zahedi បានសាទរជូនចំពោះលោករដ្ឋមន្ត្រីដែលបានដឹកនាំគណៈប្រតិភូមកចូលរួម COP29។ តំណាងអង្គការ FAO រូបនេះ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការនិងការជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងស្វែងរកប្រភពធនធានសម្រាប់ជួយដោះស្រាយ ការប្រែប្រួលអាកាសធាតុនៅកម្រិតសហគមន៍ និងគាំទ្រក្នុងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0 របស់កម្ពុជាផងដែរ៕