ពិធីបុណ្យអុំទូក ៣ថ្ងៃ សំរាមពលរដ្ឋបញ្ចេញចោលប្រមាណជាង១០ម៉ឺនតោន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូក សំរាមដែលប្រជាពលរដ្ឋ និងកីឡាករចំណុះទូកបញ្ចេញចោល
គឺមានប្រមាណជាង១០.៥៥០តោន ខណៈប្រជាពលរដ្ឋ និងទេសចរបរទេស ចូលកម្សាន្តនៅតាមតំបន់គោលដៅមានជាង៦លាននាក់។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកានេះថា បរិមាណសំរាមដែលប្រមូលបាននៅថ្ងៃទី១ មានចំនួនប្រមាណ៣.៨០០តោន, ថ្ងៃទី២ មានចំនួនជាង៣.៤០០តោន និងនៅថ្ងៃទី៣ មានបរិមាណជាង៣.៣០០តោន ដែលតាមតួលេខនេះបង្ហាញថា ការបញ្ចេញសំរាមរបស់ប្រជាពលរដ្ឋមានការថយចុះជារៀងរាល់ថ្ងៃចំនួន៣ភាគរយ។

លោកថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីការទុកដាក់សំរាម និងការចូលរួមកាត់បន្ថយពីការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកទៅក្នុងទីសាធារណៈ គ្រាដែលនៅមានមួយចំនួនតូចមិនទាន់យកចិត្តទុកដាក់។ ការទុកដាក់សំរាម ក៏ជាផ្នែកមួយនៃការស្តែងឡើងនូវអាកប្បកិរិយា ឥរិយាបថ និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងសង្គមក្នុងការទុកដាក់សំរាម។

លោក បញ្ជាក់ថា «ជាការកត់សម្គាល់នៅក្នុងពិធីបុណ្យអុំទូកនៅឆ្នាំនេះមិនត្រឹមតែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធនោះទេ សូម្បីតែយុវជន ក៏ចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការចុះផ្សព្វផ្សាយ និងដើរប្រមូលសម្រាមតាមទីកម្សាន្តនានា នៃព្រះរាជពិធីនេះផងដែរ។ យើងឃើញថា សូម្បីតែនៅម៉ោង១១-១២យប់ហើយ ក៏នៅតែមានសកម្មភាពចុះប្រមូល និងដើររើសសំរាមនៅតាមដងទន្លេ។ ចំណែកក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាមទាំង៣ ក៏ធ្វើសកម្មភាពដឹកជញ្ជូនតាំងពីម៉ោង១២យប់រហូតដល់ម៉ោង៥ទៀបភ្លឺ»។

សូមបញ្ជាក់ថា នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម បានបន្ថែមធុងសំរាមថ្មីចំនួនជាង១.៣០០ធុង បន្ថែមលើធុងសំរាមដែលមានស្រាប់ប្រមាណ៣.០០០ធុង សម្រាប់ដាក់ពង្រាយនៅតាមគោលដៅសំខាន់នានា។ ទន្ទឹមនេះ ក្រុមហ៊ុនប្រមូលសំរាម ក៏បានពង្រាយរថយន្តដឹកសំរាម និងកម្មករប្រមូលសំរាម តាមគោលដៅនៅក្នុងខណ្ឌដូនពេញ ដែលជាទីតាំងប្រារព្ធព្រះរាជពិធីបុណ្យ និងជាគោលដៅដែលពលរដ្ឋសម្រុកទៅលេងកម្សាន្តច្រើន។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថានទាំងអស់ រួមជាមួយដៃគូ អ្នកស្រឡាញ់បរិស្ថាន និងយុវជនកម្ពុជា ដែលបានរួមគ្នាសម្អាតបរិស្ថាន និងសំរាម បានយ៉ាងល្អប្រសើរ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមកនេះ។

លោករដ្ឋមន្រ្តី បានថ្លែងថា ជោគជ័យនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នាយ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង