អ្នកមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបានចូលរួមក្នុងយុទ្ធនាការដើម្បីកម្ពុជាស្អាត

សំរាមនិងសំណល់ផ្សេងៗ ក្នុងនោះមានសំណល់ប្លាស្ទិកផងដែរ ចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់ទៅលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោក ខ្វៃ អាទិត្យា បានអោយដឹងថា សំរាមដែលប្រមូលបាននៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកមានចំនួនប្រហាក់ប្រហែល នឹងតិន្នន័យនៃការប្រមូលសំរាមប្រចាំថ្ងៃ នៅទូទាំងរាជធានីភ្នំពេញ ខណៈប្រជាពលរដ្ឋ ដែលកម្សាន្តនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យប្រពៃណីដ៏ធំនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ប្រកាសថាមានចំនួនកើនឡើងជាង១,១លាននាក់ បន្ថែមលើប្រជាពលរដ្ឋដែលកំពុងរស់នៅ នាពេលបច្ចុប្បន្នប្រមាណជាង២លាននាក់។

ក្នុងការប្រមូលទុកដាក់សំរាម និងការកាត់បន្ថយចំនួនសំរាម នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ចំនួនរថយន្តដឹកជញ្ជូនសំរាម ប្រមាណ ២០០គ្រឿង បានដឹកជញ្ជូនសំរាមជាង៥៣០ជើង រួមជាមួយអ្នកប្រមូលសំរាម មានប្រមាណ១០០០នាក់ផងដែរ។

បើតាមលោក ខ្វៃ អាទិត្យា ការបញ្ជេញសំណល់សំរាម និងសំណល់ផ្លាស្ទិក នៅក្នុងព្រះរាជធីបុណ្យអុំទូកឆ្នាំ២០២៤ ត្រូវបានប្រមូលទុកដាក់ នៅពេលពិធីត្រូវបានបញ្ចប់នៅអាធ្រាត ថ្ងៃប្រារព្ធពិធីប្រណាំងទូក រហូតដល់ព្រឹកព្រលឹម នៅអំឡុងថ្ងៃបន្ទាប់។ ការប្រមូលទុកដាក់សំរាម មានការចូលរួមយ៉ាងផុសផុល ពីអាជ្ញាធរ អ្នកទេសចរណ៍ យុវជន អ្នកស្រឡាញ់បរិស្ថាន មកពីបណ្តាស្ថាប័ន អង្គការ សមាគមនានា រួមទាំងវិស័យឯកជនផងដែរ។ លោក បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះអ្នកចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលបានបញ្ចេញនិងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកនិងការចូលរួមកាត់បន្ថយពីការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកទៅក្នុងទីសាធារណៈ។

លោក ខ្វៃ អាទិត្យា នៅតែអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងនោះកុំបោះចោលសំរាម សំណល់ប្លាស្ទិក ចូលនៅក្នុងទន្លេ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង ទៅថ្ងៃអនកាគត។

អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ការទុកដាក់សំរាម ក៏ជាផ្នែកមួយនៃការស្តែងឡើងនូវអាកប្បកិរិយា ឥរិយាបទ និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងសង្គម ប្រសិនបើគ្មានការកាត់បន្ថយ និងបម្រូលទុកដាក់ឱ្យបានត្រឹម សំរាម សំណល់ប្លាស្ទិក ទាំងអស់នេះបង្កផលប៉ះពាល់ ជាអវិជ្ជមានច្រើន ទាំងផ្នែកបរិស្ថាន សោភណ្ឌភាព សុខភាពនិងជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិ។

សូមបញ្ជាក់ថា នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម បានបន្ថែមធុងសំរាមថ្មីចំនួនជាង១ពាន់ធុង លើធុងសំរាមដែលមានស្រាប់ប្រមាណ៣ពាន់ធុង សម្រាប់ដាក់ពង្រាយនៅតាមគោលដៅសំខាន់នានា។

ជារៀងរាល់ថ្ងៃរាជធានីភ្នំពេញបានបញ្ចេញសំរាមប្រមាណចន្លោះពី៣០០០ តោន ទៅ៤០០០តោនក្នុង១ថ្ងៃ ហើយក្នុងនោះសំណល់ប្លាស្ទិកមានជាង២០%។ ទោះបីជាយ៉ាងណាក៏ដោយ សំរាម ២០% តែប៉ុណ្ណោះដែលត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញ នាពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង