យុវជនស្រឡាញ់បរិស្ថានចូលរួមបំផុសគំនិតស្អាតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក
ក្រសួងបរិស្ថាន នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនមកពីសមាគមស្រ្តីទ្រទ្រង់សន្តិភាព សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម យុវជននៃអង្គការ សមាគមមួយចំនួនទៀត ចុះផ្សព្វផ្សាយអប់រំ អំពីភាពស្អាត ពង្រឹងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការទុកដាក់សំរាម សំណល់រឹងឱ្យបានល្អ និងនាំគ្នាសម្អាតបរិស្ថាន នៅតាមកន្លែងកម្សាន្ត ទីសាធារណ កន្លែងលក់ដូរ និងកន្លែងស្នាក់នៅរបស់កីឡាករអុំទូកជាដើម។
លោក ឡេង គឹមស្រុង អគ្គនាយករងក្រសួងបរិស្ថាន បានលើកឡើងថា យុវជនក្រសួងបរិស្ថាន រួមជាមួយមន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានសហការជាមួយដៃគូ រួមមានយុវជជនអ្នកស្រឡាញ់បរិស្ថាន ជាច្រើននាក់ បានចុះផ្សព្វផ្សាយនៅទីតាំងមុខព្រះបរមរាជវាំង ទីតាំងកោះពេជ្រ សួនវិមានឯករាជ្យ សួនមុខវត្តបុទុម តំបន់វត្តភ្នំ និងនៅតំបន់ជ្រោយចង្វារ ដើម្បីរួមគ្នាជំរុញឱ្យប្រជាពលរដ្ឋមានការយកចិត្តទុកដាក់លើភាពស្អាត ស្អាតចេញពីក្នុងចិត្ត និងភាពស្អាតនៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ឆ្ពោះទៅកម្ពុជាស្អាត នៅពេលខាងមុខ។
អ្នកនាង ឃុត ណារឿន ប្រធានសមាគមស្រ្តីទ្រទ្រង់សន្តិភាព បានឱ្យដឹងថា ក្រុមការងារអប់រំ បានចុះពន្យល់ និងណែនាំប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ដែលតាំងលក់ផលិតផល នៅតំបន់កម្សាន្តនានាឱ្យមានការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនិងចូលរួមផ្សព្វផ្សាយបន្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»។
ចំណែក លោក ជុំ ហួរ ស្ថាបនិកសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានឱ្យដឹងថា ការចុះពន្យល់នេះ ដើម្បីឱ្យមានការទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ បូករួមទាំងការញែកសំរាមសំណល់រឹង ដែលបានប្រើប្រាស់រួមមានដូចជាថង់ប្លាស្ទិក ដបទឹកជ័រ ប្រអប់ស្នោ ជាដើម។ លោកថា ប្រជាពលរដ្ឋជាពិសេសអ្នកលក់ដូរនៅក្នុងព្រះរាជពិធីបុណ្យ បានជ្រួតជ្រាបពីសារអប់រំរបស់ក្រសួងបរិស្ថាន និងខិតខំចូលរួមសហការ ដើម្បីកាត់បន្ថយការបញ្ចេញសំរាម និងចូលរួមទុកដាក់សំរាមឱ្យបានល្អថែមទៀត។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ប្រជាពលរដ្ឋច្រើនលាននាក់បានមកកម្សាន្តនៅរាជធានីភ្នំពេញ និងបានទស្សនាការប្រណាំងទូក និងបណ្តែតប្រទីបនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ ខណៈក្រសួងបរិស្ថាន បាននិងកំពុងខិតខំអប់រំបង្កើនចំណេះដឹងចំពោះការទុកដាក់សំរាម ក្នុងនោះបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដែលរហូតមកទល់ពេលនេះ មានអ្នកចូលរួម ៩,៧ លាននាក់ ដើម្បីរក្សាឱ្យបាននូវសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈភាពស្អាត គ្មានសំណល់ប្លាស្ទិក នៅតាមសាលារៀន នឹងឈានទៅគ្មានសំណល់ប្លាស្ទិកទូទាំងប្រទេស។
បន្ទាប់មកមានយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»បានបង្ហាញយ៉ាងច្បាស់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកទៅក្នុងទីសាធារណៈ។ យុទ្ធនាការនេះ បានបំផុសឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ការទុកដាក់សំរាម ក៏ជាផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិរិយា និងឥរិយាបទ មានន័យថា ពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម។
ក្រសួងបរិស្ថានគាំទ្រឱ្យដល់ចលនាសម្អាតបរិស្ថាន នៃយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ ឱ្យបានផុសផុលនៅតាមមូលដ្ឋានបន្ថែមទៀត ដើម្បីជំរុញការលើកកម្ពស់អនាម័យបរិស្ថាន សោភ័ណភាពរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា និងដើម្បីកម្ពុជាស្អាត ស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគត៕