លោកសំ សឿន ៖ ចំណុះទូកទាំងអស់ប្រកាន់ភ្ជាប់យកចិត្តទុកដាក់ ដោយរក្សានូវស្មារតីសាមគ្គីភាព ឯកភាព រក្សាវិន័យ និងសេចក្តីថ្លៃថ្នូរ
ប្រធានសហភាពពលកម្មជាតិកម្ពុជា ស្នើសុំឲ្យកីឡាករ-កីឡាការិនីអុំ ចែវទូក ដែលចូលរួមក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃស្អែក សូមចំណុះទូកទាំងអស់ប្រកាន់ភ្ជាប់យកចិត្តទុកដាក់ ដោយរក្សានូវស្មារតីសាមគ្គីភាព ឯកភាព រក្សាវិន័យ និងសេចក្តីថ្លៃថ្នូរបានល្អ ជាកីឡាករធ្វើយ៉ាងណារក្សានូវមិត្តភាព ដើម្បីបង្កើនបរិយាកាសបានសប្បាយទាំងអស់គ្នា។
ថ្លែងក្នុងឱកាសដែលលោកជួបសំណេះសំណាលជាមួយចំណុះទូកចំនួន២ គឺទូកឈ្មោះ សំហេងសែនជ័យបារមីចាក់អង្រែលើ នឹងទូក ធីវេត តេជះឈ្នះអស់ការលំបាក នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ លោក សំ សឿន បានអោយដឹងថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែវិច្ឆិកាខាងមុខនេះ ជារឿងល្អប្រសើរខ្លាំងណាស់ដែលប្រមុខរដ្ឋាភិបាល បានរៀបចំកម្មវិធីនេះ ហើយចំណុះទូកធ្វើយ៉ាងណាត្រូវប្រកាន់ភ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូ កត្តាសំខាន់ចំណុះទូកទាំងអស់ត្រូវចេះសាមគ្គីភាព ឯកភាពគ្នា។
លោក បានបញ្ជាក់បន្ថែមទៀតថា ក្នុងការចូលរួមអុំប្រណាំងនេះដែរ សូមកីឡាករចំណុះទូកទាំងអស់ ត្រូវរក្សានូវវិន័យ ហើយនៅមុនថ្ងៃអុំទូក និងថ្ងៃអុំប្រកួតប្រជែង សូមរក្សាកម្លាំង សូមកុំនាំគ្នាបរិភាគចំណីអាហារផ្តេសផ្តាស់ កុំសេពគ្រឿងស្រវឹងឲ្យសោះ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងកុំដើរលេងដាច់យប់ ដើម្បីរក្សាកម្លាំង កុំឲ្យប៉ះពាល់ដល់សុខភាព។
លោកថា នេះជាការផ្តល់ឱកាសសប្បាយរីករាយ និងសាមគ្គីភាពក្នុងមហាគ្រួសារសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងសុខសន្តិភាពដ៏បរិបូណ៌ រួមទាំងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ដើម្បីជាការលើកទឹកចិត្តដល់ចំណុះទូក ឈ្មោះ សំហេងសែនជ័យបារមីចាក់អង្រែលើ នឹងទូក ធីវេត តេជះឈ្នះអស់ការលំបាក លោក សំ សឿន ក៏បានប្រគល់កាបូបសម្រាប់ដាក់ឥវ៉ាន់១៥៦, អាវយឺតចំនួន២០០ ជូនដល់គណៈកម្មការទូក «ង»ទាំងពីរនូវថវិកាចំនួន២០០ដុល្លាផងដែរ៕