សាលាក្រុង​ភ្នំពេញ រៀបចំកន្លែង​ស្នាក់នៅ​របស់​ក្រុម​កីឡាករ​ចំណុះ​ទូក​រួចរាល់ ខណៈកងកម្លាំងជាង១៦ពាន់នាក់ ត្រៀមការពារសន្តិសុខ

ខណៈ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុកនឹងចូលមកដល់នៅថ្ងៃស្អែក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំកន្លែង​ស្នាក់នៅ​របស់​ក្រុម​កីឡាករ​ចំណុះ​ទូក​រួចរាល់​ហើយ ដោយ​បែងចែក​ជា២ ទីតាំង គឺ នៅ​ម្ដុំ​អតីត​ឃ្លាំង​សូ​គី​មិច ខណ្ឌ​ឫស្សីកែវ និង ទីតាំង​នៅ OCIC ខណ្ឌ​ជ្រោយ​ចង្វារ។

គិត​ត្រឹម​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​កន្លែង​ស្នាក់នៅ​សម្រាប់​កីឡាករ​ចំណុះ​ទូក​រួចរាល់​ហើយ ក្នុង​នោះ​មាន​ការ​រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង បង្គន់​អនាម័យ និង​ការ​ដាក់​ពង្រាយ​ធុងសំរាម​ជាដើម។

ដោយឡែកដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងដាក់ពង្រាយកងកម្លាំងចម្រុះសរុបជាង១ម៉ឺន៦ពាន់នាក់ ដើម្បីការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

សូម​ជម្រាប​ថា ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ប្រារព្ធ​ឡើង​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៤ ១៥ ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍​ដ៏​ធំ​នេះ នឹង​មាន​ទូកង​ចូលរួម​ប្រកួតប្រជែង​ចំនួន ៣៤៦ ទូក លើស​ពី​ឆ្នាំ​កន្លងទៅ៩ ទូក មាន​កីឡាករ​ចំណុះ​ទូក​ជាង ២ ម៉ឺន​នាក់ និង​ប្រទីប​ចំនួន ៣៥ ប្រទីប ខណៈ​ឆ្នាំ ២០២៣ មាន​ចំនួន​ត្រឹមតែ ២៩ ប្រទីប​ប៉ុណ្ណោះ៕

 

អត្ថបទដែលជាប់ទាក់ទង