អ្នកនាំពាក្យ៖ កូនដំរីដែលត្រូវជួយសង្គ្រោះ នៅខេត្តមណ្ឌលគីរី ហើយបញ្ជួនមកថែទាំនៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ មានសុខភាពល្អ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម អះអាងថា កូនដំរីដែលត្រូវជួយសង្គ្រោះ នៅខេត្តមណ្ឌលគីរី ហើយបញ្ជួនមកថែទាំនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ មានសុខភាពល្អ ក្រោមការព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានឱ្យដឹងនៅព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា នេះថា​ កូនដំរីព្រៃញីមួយក្បាលត្រូវបានជួយសង្គ្រោះដោយក្រសួង​កសិកម្ម និងក្រសួងបរិស្ថាន ដោយ​មាន​កិច្ចសហការជាមួយដៃគូមានអង្គការWCS អង្គការWWF អង្គការWA និងប្រជាសហគមន៍មូលដ្ឋាន​ ក្រោយប្រទះ​ឃើញបែក​ពីហ្វូងរស់នៅ​ក្នុងព្រៃតែឯងជាងមួយសប្តាហ៍ក្បែរចម្ការរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រោយទទួលព័ត៌មានពី​ប្រជា​សហគមន៍ អំពីវត្តមានកូនដំរីមួយក្បាលមានអាយុប្រហែលពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០​គីឡូក្រាមរស់នៅដាច់ពី​ហ្វូងជា​ច្រើន​ថ្ងៃ មន្ត្រី និងអង្គការពាក់ព័ន្ធបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផ្តល់ចំណី ដើម្បីរងចាំបញ្ជូនទៅក្នុងហ្វូងមេបាវិញ។ ប៉ុន្តែក្រោយ​ការរង់ចាំជាងមួយ​សប្តាហ៍ពុំឃើញមានហ្វូងមេបាឆ្លងកាត់អាចឲ្យកូនដំរីនេះវិលត្រលប់ទៅរួមរស់ក្នុងសង្គមគ្រួសារវិញបាន ម្យ៉ាង​ទៀតដោយស្ថានភាព​សុខភាព កូនដំរីកាន់តែទ្រុឌទ្រោមស្គមខ្លាំងផង ជម្រើសល្អបំផុត​មួយ​ក្រោមការសម្រេចចិត្តរួមរបស់​លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម និងក្រសួងបរិស្ថាន គឺត្រូវនាំយក​កូនដំរីនេះមកសង្គ្រោះព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ”។

អ្នកនាំពាក្យបន្ថែមថា ក្រុមការងារឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ” ក្នុងកិច្ចសហការជាមួយភាគីពាក់ពន្ធបានជួយ​សង្គ្រោះ​កូនដំរីមួយក្បាលនេះរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា និងដឹកជញ្ជូននាំកូនដំរីនេះ​មកដល់​ឧទ្យានសួនសត្វ ព្រៃការពា និងសួនភូតគាម “ភ្នំតាម៉ៅ” ដោយសុវត្ថិភាពនាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា​។

កញ្ញាបញ្ជាក់ថា បច្ចុប្បន្នកូនដំរីកំពុងស្ថិតនៅក្រោមការព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕

 

អត្ថបទដែលជាប់ទាក់ទង