ការកែច្នៃសំរាមជាប្រយោជន៍ប្រើប្រាស់ឡើងវិញ បានជួយដល់បរិស្ថាន

អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការកែច្នៃសំរាម សម្រាប់ជាប្រយោជន៍នៅក្នុងការប្រើប្រាស់ឡើងវិញនេះ គឺបានជួយដល់បរិស្ថានជាច្រើន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញអនុវត្តន៍ការកាត់បន្ថយការប្រើប្រាស់ការបញ្ចេញសំរាមឲ្យបានតិច ពិសេសចំណីអាហារ ដែលមានការវេចខ្ចប់ដោយថង់ប្លាស្ទិក។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដំណើរការការងារគ្រប់គ្រង ទីលានទុកដាក់សំរាម ក្រុងពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែវិច្ឆិកា លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា «ការកែច្នៃឡើងវិញ គឺមានប្រយោជន៍ ដើម្បីផ្តល់ចំណូលដល់សហគមន៍ជាពិសេសសំរាមសំណល់សរីរាង្គ ឬប្លាស្ទិក យើងអាចយកមកធ្វើជាជីកំប៉ុស្ត ឬកែច្នៃធ្វើជារបស់ប្រើប្រាស់ឡើងវិញ។

លោកថា ការកែច្នៃធ្វើជីកំប៉ុស្តនេះ ផ្តល់នូវការងារជូនប្រជាពលរដ្ឋ និងប្រាក់ចំណូល ជាពិសេសការយកចិត្តទុកបន្ថែមពីអ្វីដែលក្រសួងបរិស្ថានកំពុងគិតគូរបង្កើតនូវធនាគារបរិស្ថាន»។

អគ្គនាយកក្រុមហ៊ុនសេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯ.ក
លោក ស៊ី ឡែន បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក បានចាប់ផ្តើមបើកដំណើរការការងារគ្រប់គ្រងទីលានទុកដាក់សំរាម ក្រុងពោធិ៍សាត់ កាលពីដើមឆ្នាំ២០២៤នេះ ដោយក្នុងនោះក៏បានសាងសង់សិប្បកម្មផលិតជីសរីរាង្គធម្មជាតិដែលញែកចេញសំរាមសំណល់សរីរាង្គ ក្នុងគោលបំណងក្លាយជាដៃគូអភិវឌ្ឍន៍ពិតប្រាកដលើវិស័យគ្រប់គ្រងសំរាមសំណល់រឹងជាមួយរាជរដ្ឋាភិបាល ដើម្បីផ្តល់នូវសេវា សម្អាត ប្រមូលដឹកជញ្ជូន ទុកដាក់ និងកែច្នៃសំរាម សំណល់រឹងទីប្រជុំជន។

លោកបញ្ជាក់ថា តាំងពីចាប់ផ្តើមសាងសង់សិប្បកម្មផលិតជីសរីរាង្គធម្មជាតិ នាចុងខែមិថុនា រហូតមកដល់សព្វថ្ងៃ គឺផលិតបានចំនួន៤៥០តោន ដែលបានប្រើសំរាមសំណល់សរីរាង្គជាង៥៥១តោន និងវត្ថុធាតុដើមក្នុងសហគមន៍ជាង៧៥៥តោន គិតជាទឹកប្រាក់ជាង៤ម៉ឺនដុល្លារអាម៉េរិក។

ដោយឡែកលោក កេង ចាន់ធឿន អភិបាលរងក្រុងពោធិ៍សាត់ បានឱ្យដឹងថា សព្វថ្ងៃនេះ សំណល់សំរាមដែលប្រមូលបានក្នុងសង្កាត់ទាំង៧សង្កាត់ មានចន្លោះពី២៨ទៅ៣០តោន ក្នុងមួយថ្ងៃ ដោយក្រុមហ៊ុនខាងលើនេះ ជាអ្នកទទួលដឹកជញ្ជូនទៅគ្រប់គ្រងនៅក្នុងទីលានទុកដាក់សំរាម សំណល់រឹង នៅភូមិទួលម្នាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់៕

អត្ថបទដែលជាប់ទាក់ទង