អង្ករក្រអូបប្រណិតកម្ពុជា ឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៦

ភ្នំពេញ៖ អង្ករក្រអូបប្រណិតកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក នៅក្នុងកម្មវិធី សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយ វិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ ICI និងTRT របស់សហរដ្ឋអាមេរិក។

នេះគឺជាលើកទី៦ហើយ ដែលអង្ករខ្មែរបានទទួលពានរង្វាន់ជាអង្ករល្អដាច់គេលើលោក ដោយលើកទី១ ទទួលបាននៅឆ្នាំ២០១២, លើកទី២ នៅឆ្នាំ ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, និងលើកទី៦ នៅឆ្នាំ២០២៤។

សហពន្ធស្រូវអង្ករកម្ពុជា សូមអបអរសាទរដល់ប្រជាកសិករកម្ពុជាដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ ហើយក៏សូមអរគុណដល់រោងម៉ាស៊ីនកិនស្រូវដែលបានខិតខំសម្រិតសម្រាំងនិង កិនកែច្នៃអង្ករបានយ៉ាងល្អរហូតទទួលបានជ័យជំនះជូនប្រទេសជាតិ។

ដោយឡែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ងាកមកដាំស្រូវផ្ការំដួល និងសែនក្រអូប ដែលជាពូជរបស់ខ្មែរ ដែលមានរសជាតិឆ្ងាញ់ មានទីផ្សារនិងកិត្តិនាមល្អ ទាំងនៅក្នុងតំបន់ និងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង