មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អញ្ជើញចុះត្រួតពិនិត្យដំណើរការការងារគ្រប់គ្រង ទីលានទុកដាក់សំរាម ក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អញ្ជើញចុះត្រួតពិនិត្យដំណើរការការងារគ្រប់គ្រង ទីលានទុកដាក់សំរាម ក្រុងពោធិ៍សាត់ ដែលកំពុងតែអនុវត្តដោយក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯ.ក។ ក្រៅអំពីអនុវត្តទីលានទុកដាក់សំរាម ក្រុងពោធិ៍សាត់ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ ក៏បានសាងសង់សិប្បកម្មផលិត ជីសរីរាង្គធម្មជាតិ ដែលប្រើសំរាមសំណល់សរីរាង្គផងដែរ។
លោកខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា ការកែច្នៃសំរាមសម្រាប់ជាប្រយោជន៍នៅក្នុងការប្រើប្រាស់ឡើងវិញនេះ គឺបានជួយដល់បរិស្ថានជាច្រើន ហើយនៅក្នុងនោះ គឺយើងកំពុងតែជំរុញអនុវត្តន៍ការកាត់បន្ថយការប្រើប្រាស់ការបញ្ចេញសំរាមឲ្យបានតិច ជាពិសេសចំណីអាហារ ដែលមានថងប្លាស្ទិកជាដើម។
លោកបន្ថែមថា ក្រៅពីនេះយើងប្រើប្រាស់ឡើងវិញនៅវត្ថុដែលប្រើប្រាស់បានច្រើនដងដូចជា កន្ទ្រកបរិស្ថាន ឬក៏ចាន យើងអាចប្រើប្រាស់បានឡើងវិញ។ លោកថា «ការកែច្នៃឡើងវិញ គឺមានប្រយោជន៍ ដើម្បីផ្តល់ចំណូលដល់សហគមន៍ជាពិសេសសំរាមសំណល់សេរីរាង្គ ឬប្លាស្ទិក យើងអាចយកមកធ្វើជាជីកំប៉ុស្ត ឬកែច្នៃធ្វើជារបស់ប្រើប្រាស់ឡើងវិញ។ ការកែច្នៃធ្វើជីកំប៉ុស្តនេះផ្តល់នូវការងារជូនប្រជាពលរដ្ឋ និងប្រាក់ចំណូល ជាពិសេសការយកចិត្តទុកបន្ថែមពីអ្វីដែលក្រសួងបរិស្ថានកំពុងគិតគូរបង្កើតនូវធនាគារបរិស្ថាន»។
អ្នកនាំពាក្យរូបនេះបន្ថែមថា ការបដិសេធមិនប្រើប្រាស់ប្លាស្ទិក គឺយើងប្រើប្រាស់អ្វី មកជំនួសប្លាស្ទិកវិញ ការបង្កើតនូវរោងចក្រកែច្នៃសំណល់ គឺមានប្រយោជន៍ជួយកាត់បន្ថយសំណល់នៅលើទីលាន និងបរិស្ថាន ក្នុងការផ្តល់ការងារជូនប្រជាពលរដ្ឋ ផ្តល់ចំណូលផ្គត់ផ្គង់គ្រួសារ ជួយដល់សេដ្ឋកិច្ចជាតិ។
លោក ស៊ី ឡែន អគ្គនាយកក្រុមហ៊ុនសេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯ.ក បានអោយដឹងថា ក្រុមហ៊ុនសេវ ឌឹ ឡាហ្វស៍បានចាប់ផ្តើមបើកដំណើរការកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៤ ក្នុងគោលបំណងដើម្បីក្លាយជាដៃគូរអភិវឌ្ឍន៍ពិតប្រាកដលើវិស័យគ្រប់គ្រងសំរាមសំណល់រឹងជាមួយរដ្ឋាភិបាល ដើម្បីផ្តល់នូវសេវា សម្អាត ប្រមូលដឹកជញ្ជូន ទុកដាក់ និងកែច្នៃសំរាម សំណល់រឹងទីប្រជុំជន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន យុទ្ធសាស្ត្រស្នូល “ភាពស្អាត បៃតង” និងចីរភាព” ក្នុងគោលដៅប្រែក្លាយសក្តានុពលសំរាមសំណល់រឹងទីប្រជុំជន ឱ្យទៅជាឧត្តមប្រយោជន៍ បម្រើជូនប្រជាជាតិកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើងកិត្យានុភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
លោកបន្តថា ជាមួយគ្នានេះដែរ ក្រុមហ៊ុនបានចាប់ផ្តើមសាងសង់សិប្បកម្មផលិត ជីសរីរាង្គ ធម្មជាតិ នាចុងខែមិថុនា រហូតមកដល់ថ្ងៃនេះ សិប្បកម្ម ផលិតបានចំនួន ៤៥០ តោន ដែលបានប្រើសំរាមសំណល់សរីរាង្គ ៥៥១.២៣២ តោន និងវត្ថុធាតុ ដើមក្នុងសហគមន៍ ៧៥៥.៧៨ តោន គិតជាទឹកប្រាក់ ៤១,២៥៥.៤០ ដុល្លារសហរដ្ឋ អាមេរិក៕