កូនដំរីព្រៃមួយក្បាលត្រូវបានជួយសង្គ្រោះដោយជោគជ័យក្នុងដែនជម្រកសត្វព្រៃកែវសីមា

ភ្នំពេញ៖ កូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញនៅព្រៃជិតចំការរបស់ប្រជាសហគមន៍ ដែលមានទីតាំងស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កូនដំរីនេះត្រូវបានប្រទះឃើញនៅដាច់ពីហ្វូងប្រហែលជិតពីសប្តាហ៍មកហើយគិតត្រឹមថ្ងៃដែលត្រូវបានជួយសង្គ្រោះនាថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២៤ នេះ។

ក្រោយទទួលបានដំណឹង ក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃ ( WCS ) បានចុះទៅពិនិត្យ និងតាមដានស្ថានភាព ដោយកូនដំរីមានស្ថានភាពស្គម និងបាក់ទឹកដោះ ក្រុមការងារអង្គការWCS បានសហការជាមួយក្រុមការងារអង្គការ WWF, WA ក្នុងការផ្តល់ចំនី និងទឹកដោះគោ ដើម្បីអាចអោយកូនដំរីនេះមានកំលាំង និងអាហារគ្រប់គ្រាន់។

តាមរយៈការសង្កេតដោយក្រុមការងារជំនាញ កូនដំរីនេះមានអាយុប្រហែល ២ឆ្នាំ និងទំងន់ប្រមាណ៣០០ គីឡូក្រាម ដែលជាវ័យដែលត្រូវទទួលបានការបំបៅ និងបណ្តើរដោយមេដំរី។ ប៉ុន្តែវាជាករណីដែលកម្រដែលកូនដំរីនេះត្រូវបានទុកអោយនៅតែឯង។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមការងារបានបន្តរងចាំពិនិត្យមើលពីចំងាយ ក្រែងមានហ្វូងដំរីមករកកូនដំរីនេះវិញ។ ក្រោយរងចាំអស់រយៈពេល ៤ថ្ងៃ រួចមក ក្រុមការងារពាក់ព័ន្ធបានពិភាក្សា និងសម្រេចថាមិនអាចបន្តទុកកូនដំរីនេះអោយនៅតែឯងដោយមិនមានមេនៅជិតបន្តទៀតបានទេ។

ក្រុមការងារ WCS Cambodia បានទាក់ទងទៅក្រុមការងារសង្គ្រោះសត្វព្រៃនៃមជ្ឃមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីធ្វើការសង្គ្រោះកូនដំរីនេះ និងបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដើម្បីធ្វើការបំប៉ន និងមើលថែរក្សា។

ការសង្គ្រោះកូនដំរីនេះធ្វើឡើងរយៈពេល ២ថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមសហការពី អង្គការ WCS, WWF, WA, រដ្ឋបាលព្រៃឈើ ក្រុមការងារសង្គ្រោះសត្វព្រៃនៃមជ្ឃមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា និងដែនជម្រកសត្វព្រៃភ្នំព្រិច សហគមន៍ល្បាត និងប្រជាសហគមន៍មូលដ្ឋានប្រមាណជិត ៣០នាក់។ ទោះបីជាស្ថានភាពទីតាំងក្នុងការជួយសង្គ្រោះមានភាពលំបាក ដោយសារជាភូមិសាស្ត្រតំបន់ភ្នំ និងជាប់ជាមួយព្រៃក្រាស់ដែលអាចងាយប្រឈមនឹងឧបសគ្គផ្សេងៗ ក្រុមការងារសង្គ្រោះនៅតែរិះរកវិធីសាស្រ្តដើម្បីជួយសង្គ្រោះកូនដំរីព្រៃមួយក្បាលនេះដោយមិនរុញរាឡើយ។

ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ កូនដំរីព្រៃមួយក្បាលនេះត្រូវបានសង្គ្រោះដោយជោគជ័យ និងបញ្ជូនមកដល់ឧទ្យានសួនសត្វភ្នំតាម៉ៅដោយសុវត្ថិភាពនាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង