ក្រសួងបរិស្ថាន និងដៃគូ”ប្រគល់ពានរង្វាន់CEE Comp រដូវកាលទី២” ដែលបានផ្តោតលើការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម
សាលាទេសចរណ៍អង្គការ Ecole Paul Dubrule នៅខេត្តសៀមរាប បានឈ្នះពានរង្វាន់ជ័យលាភីគឺលេខ១ ពីកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា រដូវកាលទី២ ហើយពានរង្វាន់លេខ២ បានទៅលើ ក្រុមហ៊ុន Lotus Green Team និងលេខ៣ ក្រុមហ៊ុន Confluences។
ក្រសួងបរិស្ថាន សហការជាមួយក្រុមហ៊ុន Sevea បានរៀបចំ “ពិធីបិទ និងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) រដូវកាលទី ២” នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីមានការគាំទ្រពី Cambodia Climate Change Alliance (CCCA3) ក្នុងការប្រកួតប្រជែង ចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៣ ដោយបានប្រមូលផ្តុំក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន២១ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ(NDC) យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយ អព្យាក្រឹតកាបូន (LTS4CN) រួមជាមួយការអនុវត្តពេញលេញនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលជំរុញឱ្យអនគតរបស់កម្ពុជាមានភាពស្អាត បៃតង និងចីរភាព។
ក្នុងឱកាសនោះ ក្រុមហ៊ុនដែលទទួលជ័យលាភី ពានរង្វាន់ខាងផ្នែកអគារពាណិជ្ជកម្ម (Category 1 -Building) ប្រភេទ១ គឺក្រុមហ៊ុន COVA ពានរង្វាន់ជ័យលាភីប្រភេទ២(Category 2 -Building) បានទៅលើក្រុមហ៊ុន Lotus Green Team ពានរង្វាន់ជ័យលាភីប្រភេទ៣ (Category 3 -Building) គឺក្រុមហ៊ុន Zuellig Pharma។ ទទឹមនឹងនេះ ក្រុមហ៊ុនដែលទទួលជ័យលាភី ពានរង្វាន់ខាងផ្នែកអគារសណ្ឋាគារ (Category 1 -Hotel) ប្រភេទ១ គឺសាលាទេសចរណ៍អង្គការ Ecole Paul Dubrule និងពានរង្វាន់ជ័យលាភីប្រភេទ២(Category 2 – Hotel) បានទៅលើក្រុមហ៊ុនសណ្ឋាគារ Sun and Moon។ ក្រុមហ៊ុនជាច្រើនផ្សេងទៀត បានទទួលរង្វាន់លើកទឹកចិត្ត និងបណ្ណសរសើរ សម្រាប់ជ័យលាភី Best Performance Awards ផងដែរ។
លោក ប៉ោ និមល អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្មវិធីលើកដំបូងបង្អស់នៅកម្ពុជានេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ប្រសិទ្ធភាពថាមពល តាមរយៈគោលនយោបាយ និងគំនិតផ្តួចផ្តើមដូចជាគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពលឆ្នាំ 2022-2030 ដែលមានគោលដៅគឺកាត់បន្ថយការប្រើប្រាស់ ថាមពលចំនួន 19% នៅឆ្នាំ 2030។
លោក វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា គោលដៅរបស់ក្រសួងបរិស្ថាន គឺដើម្បីជំរុញវប្បធម៌ នៃការសន្សំសំចៃថាមពល ដោយចូលរួមពីសំណាក់អ្នកប្រើប្រាស់ តាមរយៈការប្រកួតប្រជែងប្រកបដោយភាពច្នៃប្រឌិត និងគំនិតផ្តួចផ្តើម លើការអប់រំជួយដល់ដល់បរិស្ថាន។ កម្មវិធីនេះ បានចូលរួមចំណែកពីភាគីពាក់ព័ន្ធ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចឲ្យបានអព្យាក្រឹតភាពកាបូននាឆ្នាំ ២០៥០ ក៏ដូចជាចូលរួមការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
លោក បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃប្រសិទ្ធភាពថាមពល ក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យអគារពាណិជ្ជកម្ម។ ឯកឧត្តមបានលើកទឹកចិត្តឲ្យភាគីម្ចាស់អគារពាណិជ្ចកម្ម ឧស្សាហកម្មចូលរួមចំណែកឲ្យបានកាន់តែច្រើន នៅក្នុងកម្មវិធីប្រកួតប្រជែង សម្រាប់រដូវកាលក្រោយក្នុងពេលខាងមុខ៕