សម្ដេចតេជោ ហ៊ុន សែន៖ «សូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់
ភ្នំពេញ៖ បន្ទាប់ពីលោក លី សាម៉េត ហៅ គ្រូមា បានចេញវីដេអូសុំអភ័យទោសជូនចំពោះសម្តេចតេជោ និងជាការសារភាពទោសកំហុសរបស់ខ្លួនរួចមក សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅនឹងវីដេអូខាងលើ និងបញ្ជាក់ថា «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ»។
សរសេរនៅលើបណ្ដាញសង្គមរបស់សម្តេចតេជោផ្ទាល់បានបង្ហោះសារដែលមានខ្លឹមសារថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។»
សម្តេចតេជោរំឮកឡើងវិញថា ជំនួយការរបស់សម្តេចតេជោផ្ទាល់គឺ លោក ដួង តារា ត្រូវបានឃាត់ខ្លួន រង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។ សម្តេចបន្ថែមថា ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយ សូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថនាំខ្លួនឈ្មោះ លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងសាជាថ្មីថា៖ «ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ»។
គួរបញ្ជាក់ថា នៅក្នុងវីដេអូកាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកានេះ លោក លី សាម៉េត ហៅ គ្រូមា បានសុំអភ័យទោសពីសំណាក់សម្តេចតេជោ និងបានសុំពេលមួយរយៈខ្លីដើម្បីព្យាបាលខ្លួននៅផ្ទះ មុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស ដែលទង្វើខាងលើនេះ ត្រូវបានសម្តេចតេជោបញ្ជាក់ថា មិនអាចធ្វើបែបនេះបានឡើយ ដោយសម្តេចបានជំរុញឱ្យនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី៕