វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង UNIDO សហការជាមួយគម្រោង CAPFish-Capture លើកកម្ពស់សមត្ថភាពធ្វើតេស្តរបស់មន្ទីរពិសោធន៍នៅកម្ពុជា
ភ្នំពេញ៖ រដ្ឋបាលជលផល អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេសរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានជំរុញឱ្យមន្ទីរពិសោធន៍បរិស្ថាននិងសុវត្ថិភាពចំណីអាហារ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានជោគជ័យពីការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាព មន្ទីរពិសោធន៍ (ISO/IEC 17025/2017) ដើម្បីពង្រីកវិសាលភាពលើសេវាកម្មរបស់ខ្លួន។
ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិនៃមន្ទីរពិសោធន៍នេះ ពិតជាមានសារៈសំខាន់បំផុតក្នុងការធានាឱ្យសេវាកម្មដែលផ្តល់ដោយមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចទទួលបានការជឿជាក់និងមានសុក្រិតភាពសម្រាប់លទ្ធផលវិភាគផ្នែកគុណភាព និងសុវត្ថិភាពនៃម្ហូបអាហារក្នុងវិស័យជលផល និងវិស័យឧស្សាហកម្មម្ហូបអាហារផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក សុខ ណារិន តំណាងប្រចាំព្រះរាជាណាចក្រកម្ពុជារបស់អង្គការ UNIDO បានអោយដឹងថា «កិច្ចខិតខំប្រឹងប្រែងនិងការអភិវឌ្ឍខាងលើនេះបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ប្រយោជន៍សម្រាប់ជំរុញការធ្វើពាណិជ្ជកម្មផល ផលិតផលជលផលនិង ផលិតផលកសិកម្មផ្សេងទៀត ដើម្បីជួយឱ្យសហគ្រាសផ្នែកម្ហូបអាហារ អាចសន្សំសំចៃពេលវេលានិងកាត់បន្ថយការចំណាយ លើការបញ្ជូនផលនិងផលិតផលរបស់ខ្លួនទៅធ្វើតេស្តនៅមន្ទីរពិសោធន៍របស់ប្រទេសជិតខាងបានយ៉ាងច្រើនផងដែរ។»
លោកសាស្ត្រាចាររ្យ André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានអោយដឹងថា «ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ ដោយ IAS បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងការលើកកម្ពស់គុណភាពសេវាកម្មធ្វើតេស្ត ជាពិសេសលើកិច្ចការពាក់ព័ន្ធនឹងគុណភាពនិងសុវត្ថិភាពម្ហូបអាហារ។ លទ្ធផលដែលសម្រេចបាននេះ បង្កើនសមត្ថភាពរបស់យើងក្នុងការគាំទ្រសុខភាពសាធារណៈតាមរយៈការពង្រឹងសុវត្ថិភាពម្ហូបអាហារនិងជួយឱ្យវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហាររបស់កម្ពុជាអាចឆ្លើយតបទៅនឹងបទដ្ឋានជាតិនិងអន្តរជាតិ ដែលចុងក្រោយផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្មនិងអ្នកបរិភោគ។»
លោកបន្ថែមថា គម្រោងដែលបានបន្តកិច្ចគាំទ្រផ្នែកបច្ចេកទេសដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក្នុងគោលដៅសម្រេចឱ្យបាននូវការទទួលស្គាល់គុណភាពជាអន្តរជាតិនៃប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍សម្រាប់ការផ្តល់សេវាកម្មធ្វើតេស្តផ្នែកគីមីសាស្រ្តនាពេលដ៏ខ្លីខាងមុខបន្ថែមទៀត។
ដោយឡែកលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអោយដឹងថា «តាមរយៈការពង្រីកវិសាលភាពលើសេវាកម្មធ្វើតេស្តរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានឹងអាចជំរុញកិច្ចសហការបានកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសសម្រេចបាននូវគោលបំណងរួមគឺលើកកម្ពស់គុណភាពនិងសុវត្ថិភាពនៃផល ផលិតផលជលផលកម្ពុជាចាប់តាំងពីការប្រមូលផលរហូតដល់តុអាហារ»។
សូមបញ្ជាក់ផងដែរថា ការអនុវត្តកន្លងមក រដ្ឋបាលជលផលតែងតែបញ្ជូនសំណាកនៃផល ផលិតផលជលផលទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័កម្ពុជា ដើម្បីទទួលបានលទ្ធផលវិភាគតាមស្តង់ដារដែលអាចជឿជាក់និងទុកចិត្តបាននិងទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសបំពេញនូវលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល។
គម្រោង CAPFISH-Capture ផ្តោតលើការអភិវឌ្ឍផ្នែកជលផលក្រោយប្រមូលផល ក្រោមការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU) អនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល (FiA) និងអង្គការ UNIDO ដែលក្នុងនោះ ការលើកកម្ពស់សមត្ថភាពការធ្វើតេស្តរបស់មន្ទីរពិសោធន៍ផ្តោតលើសុវត្ថិភាពម្ហូបអាហារគឺជាសកម្មភាពដ៍សំខាន់មួយរបស់គម្រោង ដើម្បីធានាគុណភាពនិងសុវត្ថិភាព លើផល ផលិតផលជលផលក្នុងព្រះរាជាណាចក្រកម្ពុជា៕