ADB ៖ កម្ពុជាជាប្រទេសដំបូងគេ នៅអាស៊ាន ដែលបានបញ្ចប់ផែនការរបស់ខ្លួន ដើម្បីសម្រេចបានគោលដៅអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB )អះអាងថា កម្ពុជាគឺជាសមាជិកអាស៊ានដំបូងគេ ដែលបានបញ្ចប់ផែនការរបស់ខ្លួន ដើម្បីសម្រេចបានគោលដៅ អព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ នេះបើយោងតាមរបាយការណ៍ ADBស្តីពីអាកាសធាតុនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៤។
ក្នុងរបាយការណ៍ ADB បានសង្កត់ធ្ងន់ថា កម្ពុជាដាក់ផែនការពេញលេញនិងច្បាស់លាស់លើ (i) វិធានការសម្រាប់កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលគ្របដណ្តប់ដោយគោលដៅទាំងអស់ (ii) វិធានការរំពឹងទុកនៃការកាត់បន្ថយការបំភាយបំភាយខស្ម័នផ្ទះកញ្ចក់ ក្នុងរយៈពេលជាក់លាក់មួយ (iii) វិសាលភាពនៃការអនុវត្តវិធានការ និង (iv) កាលវិភាគសម្រាប់ការត្រួតពិនិត្យជាប្រចាំ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងថា កម្ពុជាទទួលបានជោគជ័យសម្រេចបានសមិទ្ធផលទាំងអស់នេះ ដោយសារការដឹកនាំដ៏ត្រឹមត្រូវ ច្បាស់លាស់ ប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់កិត្យានុភាពជាតិ ភាពសុខដុមរមនា វិបុលភាព វឌ្ឍនភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា ក្រោមដំបូលនៃ «សន្តិភាព» និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ នេះជាការបញ្ជាក់បន្ថែម អ្នកនាំពាក្យក្រសួងបរិស្ថាន។
សូមបញ្ជាក់ថា កម្ពុជាបានកំណត់គោលដៅច្បាស់លាស់ សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយ:ពេលវែង ប្រកបដោយអព្យាក្រឹតកាបូន និងបច្ចុប្បន្នភាពផែនការជាតិស្តីពីការចូលរួមចំណែក ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុ។
រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ ប្រជាជន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ តាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណង តម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព សំដៅធានាសម្រេចគោលដៅកម្ពុជា មានភាពស្អាត ភាពបៃតង និងចីរភាព៕