កម្ពុជាមានវត្តមានសត្វត្រយងច្រើនជាងគេបំផុត នៅក្នុងពិភពលោក
ភ្នំពេញៈ សត្វត្រយងចង្កំកសចំនួន៧៨៤ក្បាល និងត្រយងយក្សជាង២០០ក្បាលត្រូវបានធ្វើជំរឿនរកឃើញ ដែលធ្វើឱ្យកម្ពុជាមានចំនួនសត្វជិតផុតពូជបំផុតនេះច្រើនជាងគេនៅលើពិភពលោក។
យោងតាមសេចក្តីប្រកាសព័ត៌មានពី របាយការណ៍ នៃការអភិរក្សសត្វត្រយងថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ របស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា(CIWG) បានអោយដឹងថា កម្ពុជាស្ថិតនៅជួរមុខ នៃការអភិរក្សប្រភេទសត្វត្រយងយក្សក្នុងពិភពលោក ដែលកើតចេញពីកិច្ចប្រឹងប្រែងលើការអភិរក្សរវាងរដ្ឋាភិបាល និងអង្គការដៃគូ។ នៅឆ្នាំ២០២៣ ក្រុមការងារសត្វត្រយងនៅកម្ពុជា ដែលមានសមាជិកពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការដៃគូ សម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចការអភិរក្ស។ ក្នុងនោះមានដូចជាការបង្កាត់ពូជសត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូងសំរាប់កម្ពុជា ក៏ដូចជាសម្រាប់សកលលោក និងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើនជាង៤០សំបុក។
សេចក្តីប្រកាសដដែលបន្ថែមថា ចំនួនសំបុកសត្វត្រយងយក្ស ដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំងពីការកើនឡើង ចំនួនសំបុក ជោគជ័យ កាលពីឆ្នាំមុន។ លើសពីនោះ ការបន្តពូជរបស់សត្វត្រយងចង្កំកស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកូនកើតថ្មីចំនួន១៧៥ក្បាល បានហើរចេញពីសំបុកដោយជោគជ័យ។
សេចក្តីប្រកាសបានសរសេរថា៖«ការធ្វើជំរឿនថ្នាក់ជាតិបានបញ្ជាក់បន្ថែមពីសារៈសំខាន់ នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា ដោយបានកត់ត្រាសត្វត្រយងចង្កំកស ចំនួន ៧៨៤ក្បាល ដែលជាចំនួនច្រើនគួរឱ្យចាប់អារម្មណ៍ ព្រោះវាស្មើនឹង៨៧ភាគរយ ទៅ៩៥ភាគរយ នៃចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ដែលមាននៅក្នុងពិភពលោក»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា បានថ្លែងថា ប្រទេសកម្ពុជាស្ថិតនៅលំដាប់ជួរមុខ នៃកិច្ចខិតខំប្រឹងប្រែងជាសាកល ក្នុងការអភិរក្សសត្វត្រយងទាំង២ប្រភេទ ដែលភាគច្រើននៃចំនួនប្រជាសាស្ត្ររបស់វា មានវត្តមាននៅកម្ពុជា ដែលច្រើនជាងគេបំផុតនៅក្នុងពិភពលោក។
លោកថា «នេះជាភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់កម្ពុជាយើង ក្នុងការធានាបានកិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់នៅក្នុងតំបន់ការពារធម្មជាតិ»។
ក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា(the Cambodian Ibis Working Group)ត្រូវបានបង្កើតឡើងដោយ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) ក្រុមហ៊ុន រ៉ាយហ្ស៊ីងហ្វីនិក(RP) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)។
លោកប៊ូ វរសក្ស នាយកប្រតិបត្តិរបស់អង្គការជីវិតធម្មជាតិកម្ពុជាបានឱ្យដឹងថា នៅលើពិភពលោកមានសត្វត្រយងចង្កំកសចំនួន១ ០០០ក្បាលតែប៉ុណ្ណោះ។ ក្នុងនោះ កម្ពុជា
មានរហូតដល់ទៅ៧៨៤ក្បាល។
លោកបញ្ជាក់ថា៖«នៅកម្ពុជាយើងមាន៩៥ភាគរយ ហើយនៅសល់៥ភាគរយទៀតមាននៅឥណ្ឌូនេស៊ី ហើយនឹងឡាវ នៅខេត្ត ដែលមានទីតាំងជាប់នឹងកម្ពុជា ដូចជានៅស្ទឹងត្រែង និងព្រះវិហារ»។
លោកថ្លែងបន្តថា«មួយទៀត ត្រយងយក្សគឺរងគ្រោះធ្ងន់ជាងត្រយងចង្កំកសទៅទៀត។ នៅលើពិភពលោកមានតែ ២៩០ក្បាលទេ។ អញ្ជឹង ១០០ភាគរយមាននៅក្នុងប្រទេសកម្ពុជាយើង គឺមានតែបន្តិចបន្តួចនៅឡាវ ដែលជាប់នឹងកម្ពុជាយើង។ ក្រៅពីនោះ ប្រទេសផ្សេងៗបានផុតពូជអស់ហើយ»។
ទោះយ៉ាងណា ក្រុមការងារអភិរក្សនេះ ក៏បានលើកឡើងផងដែរថា សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ក៏កំពុងតែប្រឈមនឹងកត្តាគំរាមកំហែងជាច្រើនរួមមាន ការបាត់បង់ទីជម្រក និងសកម្មភាពរបស់មនុស្សដូចជាការបរបាញ់ជាដើម៕