កម្ពុជា-កូរ៉េ ពិភាក្សាគ្នា ដើម្បីរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
កម្ពុជា-កូរ៉េ ពិភាក្សាគ្នា ដើម្បីរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ពិភាក្សាគ្នានេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកបរិស្ថាន នៅរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ នាទីក្រុងកាលី ប្រទេសកូឡុំប៊ី។
លោកបណ្ឌិត អ៊ាងសុផល្លែត បានលើកឡើងជ្រុងមួយនៃភាពស្អាតរបស់កម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយសាធារណរដ្ឋកូរ៉េ នៅក្នុងសន្និសីទនៃរដ្ឋភាគីនៃ កិច្ចព្រមព្រៀងអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) ។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ហុង ស៊ិកចូ (Hong Sik Cho) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកបរិស្ថាន និងការប្រែប្រួលអាកាសធាតុ នៃក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា កិច្ចសហប្រតិបត្តិការទ្វេភាគីខាងលើ គឺជាការរួមចំណែកជាមួយសហគមន៍អន្តរជាតិ ដើម្បីធ្វើឱ្យសម្រេចគោលដៅទាំងបួន និងចំណុចដៅទាំង ២៣ របស់ក្របខ័ណ្ឌការងារជីវៈចម្រុះសកល គួនមីង-ម៉ុងរ៉េអាល់ ដែលបានអនុម័តនៅក្នុង COP15 ដែលរៀបចំឡើងកាលឆ្នាំ២០២២ នៅប្រទេសកាណាដា។
លោករដ្ឋមន្រ្តី បានលើកឡើងនូវភាពស្អាត របស់កម្ពុជាក្នុងដែនទឹក ដែនគោក និងដែនអាកាស ដែលកម្ពុជាកំពុងបានអនុវត្តស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងកោលដៅឆ្ពោះទៅកម្ពុជាមានភាព ស្អាត ភាពបៃតង និងចីរភាព។ ស្របនឹងការលើកឡើងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ក៏បានថ្លែងនូវការអបអរសាទរនិងគាំទ្រកម្ពុជា ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងទប់ស្កាត់ប្រភពហូរនាំថង់ប្លាស្ទិកទៅក្នុងបឹងទន្លេសាប។
សូមបញ្ជាក់ផងដែរថា លោកបណ្ឌិត អ៊ាង សុផល្លែត តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី និងបានថ្លែងសន្ទរកថាពីគោលនយោបាយបរិស្ថានកម្ពុជា ក្នុងការដោះស្រាយបញ្ហាសកល ជាមួយអន្តរជាតិ ផ្អែកតាមយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ដែលជាពិសេសលើភាពស្អាត ភាពបៃតង និងចីរភាព៕