លោកសំ សឿន ៖រយៈពេល២០ឆ្នាំនៃការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ បានធ្វើឱ្យប្រជានុរាស្រ្តខ្មែរមានភាពកក់ក្ដៅយ៉ាងក្រៃលែ
ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអោយដឹងថា រយៈពេល២០ឆ្នាំនៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី បានធ្វើឱ្យប្រជានុរាស្រ្តខ្មែរមានភាពកក់ក្ដៅយ៉ាងក្រៃលែង។
លោកសំ សឿន បានអោយដឹងថា ក្នុងរយៈពេល២០ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ បានប្រកាន់ខ្ជាប់នូវព្រះរាជតួនាទី និងព្រះរាជកិច្ចរបស់ព្រះអង្គតាមការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងការបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស និងបាននាំមកនូវសុខសុភមង្គលសម្រាប់ជាតិ និងប្រជារាស្ត្រខ្មែរ។
បើតាមលោកសំ សឿន ក្នុងនាមជាប្រជាជាតិ ពិតជាមានភ័ព្វដ៏ក្រៃលែង ដែលមានព្រះករុណា ព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ និងព្រហ្មវិហារធម៌ ព្រមទាំងព្រះរាជហឫទ័យសន្តោសប្រណីដ៏ទូលំទូលាយ ទ្រង់ជាព្រះប្រមុខរដ្ឋដែលប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ទ្រង់ជាអ្នកធានាឯករាជ្រយជាតិ អធិបតេយ្យ និងបូរណភាពទឹកដ៏ដ៏ថ្លៃថ្លា ដង្ហែតាមព្រះរាជមាគ៌ានៃព្រះករុណា ព្រះបរមរតនកោដ្ឋ»។
ប្រទេសកម្ពុជាបានចាប់ផ្តើមប្រារព្ធពិធីខួបលើកទី២០ នៃការគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី។ ព្រះរាជពិធីនេះត្រូវធ្វើឡើងរយៈពេល៣ថ្ងៃពីទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ ខួបលើកទី២០ នៃការគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រឆ្នាំ ២០២៤ នេះត្រូវបានគណៈកម្មការរៀបចំបុណ្យបញ្ជាក់ថាធ្វើឡើងដោយអធិកអធមជាងរាល់ឆ្នាំ។
នៅក្នុងព្រះរាជពិធីខួប២០ឆ្នាំនៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃទី១នេះ ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត រួមទាំងរាជវង្សានុវង្សបានប្រារព្ធពិធីសាសនានៅក្នុងព្រះបរមរាជវាំង។ តាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រះរាជពិធីបុណ្យខួប២០ឆ្នាំ នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រត្រូវប្រារព្ធធ្វើពិធីសាសនាទៅតាមព្រះរាជប្បវេណីនៅថ្ងៃទី២៨ ខែតុលា។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូត្រនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្រាច្បង របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ។ ព្រះអង្គមាន ព្រះអនុជ បង្កើត តែមួយអង្គគត់ គឺសម្តេច នរោត្តម នរិន្ទ្រពង្ស (១៩៥៤-២០០៣) ៕