តិរច្ឆានមែន ចាប់ខ្លួនកូនបង្កើត និងបក្សពួក ក្រោយធ្វើសកម្មភាពកាប់ឪពុកបង្កើតដើម្បីលួចយកម៉ូតូ

កម្លាំងនគរបាលស្រុកសំ​រោងទង​​ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ក្នុងនោះមានម្នាក់ជាកូនបង្កើតរបស់ជនរងគ្រោះ បន្ទាប់ពីចូលលួចម៉ូតូ និងកាប់ទៅលើឪពុកខ្លួនបណ្ដាលឲ្យរងរបួសតាមផែនការដែលរៀចំទុក ខណៈម្នាក់ទៀតយកម៉ូតូគេចខ្លួនបាត់។

ករណីកូនបង្កើតរៀបចំផែនការលួចម៉ូតូឪពុក រហូតឈានដល់កាប់លើឪពុកខ្លួនរងរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង១និង១៥​នាទី​យប់រំលងអធ្រាត្រ​ ឈានចូលថៃ្ងទី​២៦​ ខែតុលា​ ឆ្នាំ២០២៤ នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំ​រោងទង​ ខេត្ដកំពង់ស្ពឺ​។

តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖ ទី១ ឈ្មោះ ​តោ​ ភក្រ្តា​ ភេទ​ប្រុស​ អាយុ២២ឆ្នាំ (កូនបង្កើតជនរងគ្រោះ) និងទី២ ឈ្មោះ ផល ឆើត ហៅ​ ប៉ៃ​ ភេទប្រុ​ស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែកក់ ឃុំរលាំង​ចក ស្រុកសំ​រោងទង​ និងម្នាក់ទៀតឈ្មោះ ស៊ិន សាម៉េត​ ហៅ​ ហួ​ ភេទប្រុស អាយុ២១ឆ្នាំ(គេចខ្លួន)។ ចំណែកជនរងគ្រោះមានឈ្មោះ ញៀន តុល ភេទប្រុស អា​យុ​៤៥ឆ្នាំ រងរបួសក្បា​លផ្នែកខាងលើចិញ្ចើម​ ដោយសារកូនបង្កើតខ្លួនឯងកាប់ដោយកាំបិត ពេលបក្ខពួកខ្លួនចូលមកគាស់ទ្វារលួចម៉ូតូ។

ម៉ូតូដែលត្រូវជនសង្ស័យយកទៅបាត់នោះម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ឡើងតែម​ ២០១៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ​1C.6908 ។

នៅចំពោះមុខសមត្ថកិច្ច​ជនសង្ស័យឈ្មោះ​ តោ​ ភក្រ្តា​ ដែលជាកូនបង្កើតរបស់ជនរងគ្រោះបានសារភាព​ថា​ ខ្លួន​និង​បក្ខពួក​២នាក់ទៀតបានចូលមក​លួចយកម៉ូតូរបស់ឪពុកពិតប្រាកដមែន ខណៈដែលបក្ខកំពុងធ្វើសកម្មភាពចូលលួច ឪពុក​របស់ខ្លួនក៏បានភ្ញាក់ដឹង​ខ្លួន និងបានមកចាប់ទាញម៉ូតូ​ ពេ​ល​នោះដើម្បីកុំអោ​យខូចផែនការ​ ខ្លួន​បានទាញ​កាំបិតកាចែតកាប់វាយ​ប្រហារ​ទៅលើលោកឪពុកតែម្ដង​ រួចបក្ខពួកបាន​យកម៉ូតូចេញផុតពីទីកន្លែងកើតហេ​តុ​គេចបាត់។

បច្ចុប្បន្ន​សមត្ថកិច្ច​បានបន្ដនីតិវិធី​សហការ​ស្រាវជ្រាវ​ដើម្បីឃាត់អ្នកពាក់ព័ន្ធ​ និងបានកសាងសំណុំរឿងបញ្ជូន​បន្ដ​ទៅការិយាល័យ​ខេត្ត​៕

អត្ថបទដែលជាប់ទាក់ទង