លោក សំ សឿន ៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាផ្លូវនាំកម្ពុជាឆ្ពោះមកកាន់ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ

ភ្នំពេញ៖ ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអោយដឹងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាផ្លូវនាំមាគាកម្ពុជាឆ្ពោះមកកាន់ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។

ថ្លែងប្រាប់ Fast News នាព្រឹកថ្ងៃទី២៣ តុលា ឆ្នាំ២០២៤នេះ លោកសំ សឿន បានអោយដឹងថា មកដល់ថ្ងៃទី២៣ តុលា ២០២៤ គឺមានអាយុកាល ៣៣ឆ្នាំមកហើយ ដែលកម្ពុជាសម្រេចបានការឯកភាពជាតិក្រោមឆ័ត្រអង្គការសហប្រជាជាតិ ឈានទៅរកការរៀបចំការបោះឆ្នោតនៅឆ្នាំ១៩៩៣ បែបប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា។ ដោយឡែកនៅក្នុងស្ថានការណ៍នយោបាយនៅកម្ពុជានាពេលនោះ គឺកម្ពុជាមនទាន់ទទួលបានឯកភាពជាតិទាំងស្រុងនៅឡើយទេ។ ដោយសារកម្លាំងខ្មែរក្រហមធ្វើពហិការមិនព្រមចូលរួមបោះឆ្នោត ទឹកដីកម្ពុជាមួយចនួននៅបែងចែកគ្នាកាន់កាប់នៅឡើយ។ តែដោយសារនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការបង្រួបបង្រួមជាតិឈានដល់ការឯកភាពជាតិទាំងស្រុងនៅឆ្នាំ១៩៩៨ ដែលប្រទេសកម្ពុជាបានទទួលសុខសន្តិភាព និងការអភិវឌ្ឍក្រោមដំបូលសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជារហូតមកដល់បច្ចុប្បន្ន។

លោក បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវចងចាំថា កម្ពុជាទម្រាំឈានទៅរកការបញ្ចប់សង្គ្រាមទាំងស្រុង និងទទួលបាននៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី២៣ តុលា ១៩៩១ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន និងព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះបិតាឯកភាពជាតិខ្មែរ គឺលោកទាំងពីរបាននាំមកនៅឯករាជ្យភាពជាតិ ការបង្រួបបង្រួមជាតិ និងឯកភាពជាតិខ្មែរជូនជាតិនិងប្រជាជនកម្ពុជាមិនអាចកាត់ថ្លៃបានឡើយ។

លោកថា កិច្ចព្រមព្រៀង ២៣ តុលា នោះឯងហើយ ទើបកម្ពុជាមានលទ្ធភាពកសាងនូវរបបមួយថ្មី តាមរយៈការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពស្ម័គ្រចិត្តវៀតណាម លើទឹកដីកម្ពុជា ជាពិសេសបានយាងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចូលមាតុកម្ពុជាវិញ និង បង្កើតព្រះរាជាណាចក្រកម្ពុជាទី២ គឺជារបប រាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ រហូតមកដល់សព្វថ្ងៃ។ ស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់ សព្វថ្ងៃនេះដែរ ។ កិច្ចព្រមព្រៀង ២៣ តុលា បានផ្តល់ឱកាសឱ្យកម្ពុជា ស្គាល់ការវិវឌ្ឍដូចសព្វថ្ងៃ ។ ដោយត្រូវបានទទួលស្គាល់ជាទូទៅថា ប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍យ៉ាងច្រើន អនេកពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ចព្រមព្រៀងគ្នាដែលមានភាគីជម្លោះកម្ពុជា ចំនួន ៤ បានចុះហត្ថលេខា នៅទីក្រុ ងប៉ារីស ប្រទេសបារាំង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ដ៏រុំារៃនៅកម្ពុជា ដែលបានអូសបន្លាយ អស់រយៈពេលជាង ២ទសវត្សរ៍មក។

បើទោះបីកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពមួយនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ក៏ពិតមែនតែមិនបាននាំសន្តិភាពនិងការឯកភាពជាតិពេញលេញឲ្យកម្ពុជានិងប្រជាជនទេ។ “សន្តិភាពនិងការឯកភាពជាតិពេញលេញ” នៃកម្ពុជាគឺបានមកនៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជានិងក្រុមប្រតិបត្តិករនៃនយោបាយឈ្នឈ្នះ គ្រប់ភាគី។

បើតាមលោកសំ សឿន សមទ្ធិផលទាំងអស់នេះ ក្នុងនាមយើងជាខ្មែរចាំបាច់រួមគ្នារក្សាការពារឱ្យបាននូវសន្តិភាព និងរួមគ្នាអភិវឌ្ឍន៍មាគ៌ាកម្ពុជាឱ្យរីកចម្រើនរុងរឿងតរៀងទៅអនាគតប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង