លោក គួច ចំរើន ៖ ទិវាមនុស្សចាស់ ជាទិវាសម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់ ដែលជាអ្នកបានចូលរួមកសាង អភិវឌ្ឍន៍សង្គមជាតិ
កណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ទិវាមនុស្សចាស់ ជាទិវាមួយសម្រាប់រំលឹកគុណដល់លោកតា លោកយាយ អ៊ុំ មា មីង ជាមនុស្សវ័យចាស់ និងបុព្វការីជនដែលជាអ្នកបានចូលរួមកសាង អភិវឌ្ឍន៍សង្គមជាតិ និងជាអ្នកផ្តល់ នូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងស្នាដៃជាច្រើនទៀត បន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ។
ថ្លែងក្នុងអញ្ជើញជាអធិបតីក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ ”មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល” នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោក គួច ចំរើន បានអោយដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត ជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
លោកអភិបាលខេត្ត បានបន្ថែមថា រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលក្នុងនោះមាន និវត្តន៍ជនជាមន្ត្រីរាជការស៊ីវិល និវត្តន៍ជនជាអតីតយុទ្ធជន ជនមានពិការភាព និងជនចាស់ជរាក្រីក្រគ្មានទីពឹង តាមរយៈការរៀបចំ និងដាក់ឱ្យអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រសម្រាប់មនុស្សវ័យចាស់ ការផ្តល់សេវាសង្គមកិច្ច និងការបើកផ្តល់របបគោលនយោបាយ ព្រមទាំងបានបង្កើតយន្តការនានា ដើម្បីបង្កើនប្រសិទ្ធភាព និងធានានូវតម្លាភាពក្នុងការអនុវត្តកម្មវិធីគោលនយោបាយសម្រាប់មនុស្សចាស់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បញ្ជាក់ថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីឱកាស និងបញ្ហាប្រឈម របស់មនុស្សវ័យចាស់ និងជំរុញឱ្យគ្រួសារ សហគមន៍ និងគ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកដាក់គិតគូរ និងដោះស្រាយការលំបាកនានារបស់មនុស្សវ័យចាស់ តាមរយៈការរៀបចំគោលនយោបាយ ការផ្តល់សេវានានាឆ្លើយតបនឹងតម្រូវការ និងការលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង។
លោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត បានមានប្រសាសន៏ថា ខេត្តកណ្តាលមានប្រជាជនសរុបចំនួន ១,៣៨៤,៤០០នាក់ មនុស្សចាស់មានចំនួន ប្រមាណ ១៥៣,៤០០នាក់ ក្នុងនោះមនុស្សចាស់ជាអតីតមន្ត្រីរាជការ ស៊ីវិល ចូលនិវត្តន៍ និងជនបាត់បង់ សម្បទាវិជ្ជាជីវៈចំនួន ៤,៦៨៥នាក់ និងអតីតយុទ្ធជន ជានិវត្តជន និងបាត់បង់សមត្ថភាពការងារ ចំនួន២,៣២៨នាក់៕